(ភ្នំពេញ)៖ អំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ថងលុន ស៉ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។ ជំនួបនេះ បានធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។
លោកប្រធានរដ្ឋឡាវ មករាជធានីភ្នំពេញ នៅម៉ោងប្រមាណ៧៖៣០នាទីព្រឹក ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៦ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកបណ្ឌិត ថងលុន ស៉ីសុលីត មកកាន់កម្ពុជា រួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕