(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល តាងនាមឲ្យមន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋសូមសម្តែងក្តីរីករាយដោយទទួលបានព័ត៌មាន អំពីការផ្តល់ជំនួយឥតសំណង របស់រាជរដ្ឋាភិបាលចិន ផ្តល់ជូនកម្ពុជា តាមរយៈនាយករដ្ឋមន្រ្តី លី ខឺឈាង សម្រាប់អាណត្តិចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។
លោក ផៃ ស៊ីផាន នៅរសៀលថ្ងៃនេះបានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «យើងខ្ញុំជាមន្រ្តីរាជការក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា សូមសម្ដែងនូវគារវកិច្ចខ្ពង់ខ្ពស់បំផុត ជូនដល់សម្ដេចតេជោ។ ដោយទទួលព័ត៌មានដ៏រីករាយ ឥតឧបមាតាមរយៈ Facebook របស់ សម្ដេចតេជោ ដែលប្រជាពលរដ្ឋចិន តាមរយៈឯកឧត្ដម នាយករដ្ឋមន្រ្តី លឺ ខឺឈាង បានប្រកាសផ្ដល់ជំនួយឥត សំណងឲ្យកម្ពុជា ចំនួនជិតប្រាំមួយរយលានដុល្លាអាមេរិក សម្រាប់អាណត្តិគឺចាប់ពីឆ្នាំ ២០១៦ ដល់ ២០១៩»។
ថវិកាដ៏សប្បុរសរបស់សន្ដានចិត្តរបស់ប្រជាពលរដ្ឋចិន ដែលសម្ដែងនូវភាពជាមិត្តប្រវត្តិសាស្រ្ត មិត្តល្អគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈចំពោះកម្ពុជា កំពុងតែឈមនឹងកង្វះខាតថវិកាជាប់ប្រើប្រាស់ដល់វិស័យ សុខាភិបាល អប់រំ ទឹកស្អាត ជាស្រះទឹក អណ្ដូងទឹក ក៏ដូចជាកកិច្ចដំណើរការបោះឆ្នោត ដែលជាប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងអធិបតេយ្យខ្មែរ។
នេះជាវីរៈភាពរបស់ សម្ដេចតេជោ ក្នុងកិច្ចខិតខំគ្រប់បែបយ៉ាងជាកិច្ចការស្វែងរកឱកាស និងលទ្ធភាពក៏សាងការពារប្រទេសជាតិ ក៏ដូចជាមោទនៈភាពជាតិ ដែលផ្ទុយពីក្រុមបក្សពួកមួយ ដែលខិតខំធ្វើឲ្យបរទេស មើលឃើញនូវរូបភាពអវិជ្ជមាន នៃហេតុផលផ្អាក ឬផ្តាច់ជំនួយក្នុង ការចូលរួមរវាងភាពជាដៃគូអភិវឌ្ឍន៍ និងរំខានដល់ទំនាក់ទំនងល្អ រវាងប្រទេសជាតិមួយនិង កម្ពុជាដែលជាប្រជាជាតិដ៏ស្លូតត្រង់ប្រាថ្នាតែសេចក្តី និងចង់បានបំផុតនូវការរីកចម្រើន (វិបុលភាព) តែប៉ុណ្ណោះ។
ការរីកចម្រើន ឬវិបុលភាពរបស់ខ្មែរ គឺជាឥស្សរៈភាព និងមោទនៈភាពរបស់ជាតិ ដែលយើងប្រឹងតាំងពីជំនាន់ព្រះបរមរតនៈកោដ្ឋ និងជំនាន់សម្តេចតេជោ បានធ្វើអោយយើងមានសេចក្តីរីករាយ ប្រាស់ចាកពីរស់នៅក្នុងក្តីអនុគ្រោះពីបរទេសណាមួយ និងមានឥស្សរៈភាពនៃជំរើស ដើម្បីផលប្រយោជន៍កម្ពុជាពិតៗ។
នេះជាជម្រើសឆ្លើយទៅនិងថ្វីដៃតេជោ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ក្នុងការទទួលបាន ឯករាជ្យឥស្សរៈភាពដែលជាមោទនៈភាពខ្មែរ។ នេះជាសារមួយថ្មី បន្ថែមទៀតឆ្លើយតប និងការប្រឹងប្រែងរបស់ សម រង្ស៊ី និងបក្សពួកក្នុងកិច្ចស្វែងរកបរទេសមើលកម្ពុជា ក្នុងភាពអវិជ្ជមាន និងដាក់សម្ពាធមកកម្ពុជាដែលជាទង្វើ អាម៉ាស់ និងប្រឆាំងផលប្រយោជន៍ជាតិនាំបរទេសមកលុកលុយកម្ពុជា ដើម្បីតែអំណាចរបស់គេ៕