(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញការសោកស្តាយចំពោះការចេញផ្សាយព័ត៌មានរបស់វិទ្យុ VOA ដែលមិនបានស្រង់ចំណុចសំខាន់ដាក់បញ្ចូលអត្ថបទព័ត៌មានខ្លួន អំពីបរិយាកាស និងលំហរសេរីភាពសារព័ត៌មាននៅកម្ពុជា។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា៖ «កាលពីម្សិលមិញ បានផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មានម្នាក់នៃវិទ្យុផ្សាយសម្លេងជាខេមរភាសាមួយ ឆ្លើយតបទៅនឹងមតិមួយចំនួនក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានសកលលោក ២០២៣។
ដោយមានបំណងផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានរូបនោះ ក្នុងការសរសេរអត្ថបទ និងដកស្រង់សម្តី ខ្ញុំក៏បានផ្តល់ជូនទាំងសំណេរ និងសារជាសម្លេង។ ប៉ុន្តែពេលបានស្តាប់ការផ្សាយរបស់វិទ្យុនោះ ស្រាប់តែបាត់ចំណុចមួយចំនួន ជាពិសេសបាត់ចំណុចសំខាន់មួយដែលខ្ញុំបានបញ្ជាក់អំពីបរិយាកាស និងលំហរសេរីភាពសារព័ត៌មាននៅកម្ពុជា»។
លោកបានបន្តថា៖ «ដល់ពេលអង្គុយគិតចុះគិតឡេីងថាហេតុអ្វីបាត់ចំណុចសំខាន់មួយនេះ ទេីបយល់ថាប្រហែលការបញ្ជាក់របស់ខ្ញុំត្រង់ចំណុចនេះ អាចប៉ះពាល់ដល់មេដំបូលគាត់ក៏មិនដឹង បានជាបាត់ចំណុចនេះអញ្ចឹញ។ ដល់អញ្ចឹង ពិបាកឱ្យពិន្ទុគាត់ដែរហ្នឹង!»៕