(ព្រះសីហនុ)៖ បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ និងកាស៉ីណូ QUEENCO ដែលមានទីតាំងស្ថិតនៅក្រុម២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ។

របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានរួមដៃសហការគ្នា ចេញអន្ដរាគមន៍ដើម្បីធ្វើការបាញ់ពន្លត់ ដោយក្នុងនោះ រថយន្ដរបស់ស្នងដ្ឋាននគរបាលខេត្តព្រះសីហនុ៥គ្រឿង ប្រើទឹកអស់៥ឡាន, កងរាជអាវុធហត្ថ១គ្រឿង ប្រើទឹកអស់២ឡាន, រថយន្ដព្រលានយន្ដហោះកងកេង១គ្រឿង ប្រើទឹកអស់២ឡាន, អង្គភាព 711 ១គ្រឿង ប្រើទឹកអស់២ឡាន, កំពង់ផែស្វយ័ត២គ្រឿង ប្រើទឹកអស់៤ឡាន។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា សម្រាប់ការខូចខាតវិញ អគ្គិភ័យ​បានឆេះបន្ទប់ស្នាក់នៅទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ចំនួន៩បន្ទប់, បន្ទប់ជាន់ផ្ទាល់ដី អនឡាញចំនួន៤បន្ទប់។ ករណីអគ្គិភ័យនេះ មិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ខណៈមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕