(ភ្នំពេញ)៖ មន្ត្រីក្រសួងការបរទេស៥រូប ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាឯកអគ្គរាជទូតថ្មី ប្រចាំប្រទេសមួយចំនួន។
យោងតាមប្រព័ត៌មានដែលចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា (AKP) នៅថ្ងៃទី១៥ ខែកក្កដានេះ បានបញ្ជាក់ថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រទាំង៥រូបរួមមាន៖
១-លោក អ៊ុក ចាន់ដារ៉ា បច្ចុប្បន្នប្រធាននាយកដ្ឋានព័ត៌មាន និងឯកសារនៃក្រសួងការបរទេស ត្រូវបានតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំប្រទេសព្រុយណេដារូស្សាឡាម។
២- លោក សុក ជា បច្ចុប្បន្នអគ្គលេខាធិការនៃក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
៣- លោក ប្រាក់ ងួនហុង បច្ចុប្បន្នប្រធាននាយកដ្ឋានពិធីការ នៃក្រសួងការបរទេស ត្រូវតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤-លោក ហេង សុខផល បច្ចុប្បន្នអគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេស ត្រូវតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋគូបា។
៥- លោក កែ វិសិដ្ឋ បច្ចុប្បន្នប្រធាននាយកដ្ឋានច្បាប់ និងកុងស៊ុល នៃក្រសួងការបរទេសត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី និងជាឯកអគ្គរាជទូតតែងតាំងប្រចាំលីទុយអានី លេតតូនី អេសតូនី ប៊ុលហ្គារី រ៉ូមានី និងសធារណរដ្ឋបេឡារុស្ស ដែលមាននិវេសនដ្ឋាននៅទីក្រុងមូស្គូ។
ជាមួយគ្នានេះ ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្លាស់ប្តូរមន្ត្រីទូតផងដែរ៖
១-លោក ហ៊ុល ផានី ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវចូលប្រទេសវិញ ដោយត្រូវបញ្ចប់អាណត្តិបេសកកម្ម
២-លោកស្រី ហៃ សុន្នារិន្ទ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋគូបាចូលប្រទេសវិញ ដោយត្រូវបញ្ចប់អាណត្តិ
៣-លោក ថៃ វណ្ណា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី និងជាឯកអគ្គរាជទូតតែងតាំង ប្រចាំប្រទេសលីទុយអានី លេតតូនី អេសតូនី ប៊ុលហ្គារី រ៉ូមានី និងសាធារណរដ្ឋបេឡារុស្ស ដែលមាននិវេសនដ្ឋាននៅទីក្រុង មូស្គូ ចូលប្រទេសវិញ ដោយត្រូវចប់អាណត្តិបេសកកម្ម។
ជាមួយគ្នានេះ ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក យោង ចាន់សុភារ បច្ចុប្បន្នទីប្រឹក្សាជាតំណាងអចិន្ត្រៃយ៍រង នៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មានឋានៈជាអគ្គរាជទូតផងដែរ៕