(ភ្នំពេញ)៖ លោក គៀន ពន្លក អតីតប្រធានការិយាល័យបណ្តុះបណ្តាលរបស់អតីត​គណបក្ស​សង្គ្រោះ​ជាតិ និងជាវាគ្មិនតែងឡើងបង្ហាញទស្សនៈនានាលើសារព័ត៌មាន​អាស៊ី​សេរី និងឌឹខេម​បូឌាដេលីនោះ បានទម្លាយថា រូបលោកត្រូវបានគេបង្គាប់ឱ្យ​និយាយអាក្រក់ពីរាជរដ្ឋាភិបាល ជាមួយការធានាយកទៅរស់នៅក្រៅប្រទេស។

លោក គៀន ពន្លក គ្រូបង្រៀនផ្នែកប្រវត្តិសាស្ត្រនៅវិទ្យាល័យក្នុងខេត្តតាកែវ បានចូល​រួម​ធ្វើសកម្មភាពនយោបាយជាមួយអតីតបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣ ហើយត្រូវ​បានបក្សជ្រើសតាំងជាប្រធានការិយាល័យបណ្តុះបណ្តាលរបស់បក្ស។ ក្រោយ មក​ទៀត លោក​ក៏បានចូលជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជន ហើយ​ក៏ធ្លាប់​ធ្វើ​ជាអគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា។

លោក គៀន ពន្លក តែងបានឡើងបញ្ចេញទស្សនៈយោបាល់នានាលើព្រឹត្តិការណ៍​នយោ​បាយ និងសង្គមនៅកម្ពុជា ជាមួយនឹងវិទ្យុអាស៊ីសេរី និងឌឹខេមបូឌា ដេលី។

លោក គៀន ពន្លក បានអះអាងប្រាប់ Fresh News ថា បន្ទាប់ពីគណបក្សសង្គ្រោះ​ជាតិត្រូវបានរំលាយនៅឆ្នាំ២០១៧ លោក ក៏ត្រូវបានសមាគម ក៏ដូចជាថ្នាក់ដឹកនាំ​អតីតបក្សសង្គ្រោះជាតិ រៀបចំឱ្យឡើងបញ្ចេញទស្សនៈយោបល់នានាតាមរយៈវិទ្យុ​ខាង​​លើ។

លោក ពន្លក បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ មក លោកឡើងបញ្ចេញ​ទស្សនៈ តាមរយៈវិទ្យុខាងលើមិនតិចជាង ១០០ដងនោះឡើយ។ លោកបន្តថា រាល់ពេលឡើងបញ្ចេញទស្សនៈ លោកត្រូវបានសមាគម ព្រមទាំងមេដឹកនាំអតីត​បក្ស​សង្គ្រោះជាតិ រួមមានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង បង្គាប់ឱ្យ និយាយវាយប្រហារ និយាយអាក្រក់ពីរាជរដ្ឋាភិបាល ហើយធានារៀបចំឱ្យចេញទៅ ក្រៅប្រទេស បើមានការគំរាមកំហែងណាមួយពីរាជរដ្ឋាភិបាល។

«គេថា [លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង] បើសិនយើងនិយាយទៅប៉ះពាល់រាជរដ្ឋាភិបាល ហើយមានការប្តឹងផ្តល់អី គឺគេនឹងផ្តល់ឱកាសសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស»។ នេះជាការបញ្ជាក់របស់លោក ពន្លក។

លោក ពន្លក បានទម្លាយទៀតថា រាល់ពេលឡើងលើវេទិកាជាមួយវិទ្យុប្រឆាំង គឺគេ​តម្រូវឱ្យនិយាយតែរឿងអាក្រក់របស់រាជរដ្ឋាភិបាល។ បើទោះបីរឿងនោះជារឿង​វិជ្ជ​មាន ក៏ត្រូវច្នៃចេញទៅជាអវិជ្ជមានដែរ។

លោក គៀន ពន្លក បានបញ្ជាក់បន្ថែមថា «មែនទែនទៅគ្រប់ប្រធានបទទាំងអស់ គឺអវិជ្ជមាន វាយប្រហារទៅលើរាជរដ្ឋាភិបាលតែម្តង។ មែនទែនទៅទោះរឿងហ្នឹងរាជរដ្ឋាភិបាលធ្វើល្អយ៉ាងណាក៏ដោយ គឺឱ្យយើងរំលេចឱ្យឃើញថារឿងហ្នឹងមិនល្អ»