(ភ្នំពេញ)៖ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រវត្តិសាស្ត្រនៃពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងព្រះបរមនាមព្រះមហាក្សត្រ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​នឹងប្រកាសបើកស៊ីហ្គេមឆ្នាំ២០២៣ នេះនៅពហុកីឡដ្ឋានមរតកតេជោ។ នេះគឺជាព្រឹត្តិការណ៍កីឡាដំបូងដ៏ធំបំផុតទីពីរដែលត្រូវរៀបចំនៅកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍កីឡា «ហ្គាណេហ្វូ» អាស៊ីលើកទី១នៅកម្ពុជា កាលពីឆ្នាំ១៩៦៦។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) បានចាប់ផ្តើមឡើងនៅឆ្នាំ​​ ១៩៥៧ ប៉ុន្តែកម្ពុជាត្រូវរង់ចាំរហូតដល់ ៦៦ ឆ្នាំក្រោយ​ ទើបអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានេះ ដែលជាការរង់ចាំមួយដ៏យូរបំផុត!។

ការទន្ទឹងរង់ចាំដ៏យូរ និងទម្រាំមកដល់ពេលនេះដោយសារតែអតីតកាលកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏សោកសៅចេញពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងក្រោយមកធ្លាក់ក្នុងរបបវាលពិឃាតខ្មែរក្រហម និងបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ប្រទេសជាតិនិងប្រជាជនរងទុក្ខសោកនាកម្ម។ សង្គ្រាមបានធ្វើឱ្យកម្ពុជាបាត់បង់អ្វីៗទាំងអស់! ប៉ុន្តែពេលវេលាដែលរង់ចាំនេះ ទីបំផុតបានមកដល់ដោយក្តីមោទនៈបំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល! ប្រជាពលរដ្ឋទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ពិតជាមានមោទកភាពដែលកម្ពុជា បានលេចត្រដែតនិងមានកិត្តិយស កេរ្តិ៍ឈ្មោះល្បីរន្ទឺ និងពេលនេះកាន់តែមានមោទកភាពថែមទៀតក្នុងនាមជាប្រជាជាតិខ្មែរដែលក្នុងសម័យតេជោ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេម។ ពលរដ្ឋខ្មែរដែលមានទឹកមុខញញឹមប្រិមប្រិយចេញមកទទួលស្វាគមន៍ក្បួនហែរព្រះអគ្គីជ័យកីឡាប្រកបដោយក្តីមោទនៈនិងសប្បាយរីករាយ។

ប្រជាជាតិខ្មែរដែលពោរពេញដោយស្នាមញញឹមរាក់ទាក់ក្នុងនាមឈាមជ័នៃបុព្វបុរសអង្គរដែលមានអរិយធម៌ខ្ពង់ខ្ពស់បានរៀបចំយ៉ាងល្អដើម្បីទទួលស្វាគមន៍មិត្តភ័ក្តិបរទេស កីឡាករកីឡាការិនីដែលត្រូវចូលរួមប្រកួតជាមួយទឹកចិត្តដ៏ស្មោះសនិងភាតរភាពខ្ពស់ ទទួលរ៉ាប់រងលើការចំណាយស្នាក់នៅនិងអាហារដោយមិនឱ្យខ្វះឡើយ។ នេះគឺជាទឹកចិត្តដ៏ទូលំទូលាយនៃប្រជាជាតិខ្មែរដែលជាជាតិសាសន៍ដ៏បរិសុទ្ធនិងប្រកបដោយសមានចិត្តដែលពិភពលោកនិងបណ្តាប្រទេសអាស៊ានបានកោតសរសើរ និងប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច តែបេះដូងទូលាយ»។ តាមរយៈព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ ពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត។

សមត្ថភាព និងលទ្ធភាពដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះមិនអាចកាត់ផ្តាច់ចេញបានឡើយពីកត្តាសុខសន្តិភាព។ សន្តិភាពដែលកម្ពុជាមានរហូតមកដល់ពេលនេះមានអាយុជាង ២៤ ឆ្នាំហើយ ដែលជាសន្តិភាពរកមកបានដោយពិបាកដែលថ្នាក់ដឹកនាំបានយកអាយុជីវិតទៅប្តូរ និងជាសន្តិភាពពេញលេញដែលកើតចេញពីការអនុវត្តនយោបាយឈ្នះ-ឈ្នះ​ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិលដ៏រ៊ាំរ៉ៃជាច្រើនទសវត្សរ៍។ សុខសន្តិភាពនេះបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារនិងកសាងប្រទេស ជាតិឡើងវិញឱ្យមានការរីកចម្រើនលើគ្រប់វិស័យ, សុខសន្តិភាពបានឱ្យអ្វីៗទាំងអស់អាចរស់រានមានជីវិតឡើងវិញរួមទាំងវិស័យកីឡា។ កីឡារស់ក្នុងសន្តិភាព!។

សន្តិភាពដែលមានតម្លៃមិនអាចកាត់ថ្លៃបាន! ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ មិនមែនត្រឹមតែជាការប្រកួតកីឡាតាមវិញ្ញាសាឡើយ ប៉ុន្តែបានបង្ហាញទៅដល់ពិភពលោកទាំងមូលអំពីកម្ពុជាពិតក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលពោរពេញដោយការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ កម្ពុជាដែលពីមុនគេស្គាល់ថាជារបបវាលពិឃាតខ្មែរក្រហម បំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម ឈាមនិងទឹកភ្នែកពីអតីតកាលមកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ, ពីប្រទេសដែលមានការបែកបាក់ បែងចែកទឹកដីមកជាប្រទេសដែលស្ថិតក្រោមដំបូលព្រះមហាក្សត្ររួមតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិបាលតែមួយ និងរួបរួមទាំងដីតែមួយ។

ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះក៏នឹងបង្ហាញថាតើសន្តិភាពពិតជាមានតម្លៃសំខាន់ខ្លាំងប៉ុនណាសម្រាប់ប្រជាជាតិនីមួយៗ និងជាសារប្រាប់ដល់ពិភពលោកថាសូមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសូមកុំឱ្យបាត់បង់សន្តិភាព ទើបស្រែករកសន្តិភាព។ សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព!​ ជយោ! ព្រះរាជាណាចក្រកម្ពុជា៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែឧសភា​ ឆ្នាំ២០២៣