(ភ្នំពេញ)៖ យោងតាមលទ្ធផលនៃការស្រង់មតិអនទ្បាញប្រចាំឆ្នាំ របស់ស្លាកយីហោទាំង១០០០ដ៏កំពូលប្រចាំអាស៊ី ដែលបានរៀបចំទ្បើងដោយការធ្វើយុទ្ធនាការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការជាមួយក្រុមហ៊ុនទីផ្សារ Nielsen ដ៏ល្បីល្បាញមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់ជាស្លាកយីហោល្អបំផុតប្រចាំអាស៊ីក្នុងឆ្នាំ ២០១៦ សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នានេះ។
ការដាក់ចំណាត់ថ្នាក់នេះ ផ្តោតលើផលិតផលធំៗទាំង ១៤ប្រភេទ រួមមានដូចជា៖ គ្រឿងយន្ត ការលក់រាយ សម្ភារៈផ្ទះបាយ ចំណីអាហារនិងភេសជ្ជៈ រួមទាំងគ្រឿងបរិក្ខារអេទ្បិកត្រូនិកជាដើមដែលផ្អែកលើការយល់ឃើញរបស់អ្នកប្រើប្រាស់ និងផ្តល់នូវការស្ទាបស្ទង់ដ៏ច្បាស់លាស់នៃឈ្មោះស្លាកយីហោដ៏ល្បីល្បាញនៅថ្ងៃនេះ។
លោក ឆែ សុខទ្បេង ដែលជាប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន Samsung ថៃអេទ្បិកត្រូនិកនៅកម្ពុជា បានមានប្រសាសន៍ថា៖ ខណៈពេលដែលស្លាកយីហោក្រុមហ៊ុនSamsung ឈានមុខគេក្នុងអាស៊ី យើងនឹងបន្តធ្វើឲ្យពិភពលោកពោរពេញទៅដោយបច្ចេកវិទ្យា និងភាពច្នៃប្រឌិតទំនើប ដែលជួយឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីៗ និងស្វែងរកឱកាសល្អៗតាមរយៈផលិតផល និងសេវាកម្មរបស់យើង។
ដោយសារតែភាពឈានមុខគេលើគំនិតបង្កើតថ្មី ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung វិនិយោគ ១៤ពាន់លានដុល្លារ សម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីធានានូវភាពច្នៃប្រឌិតដ៏ទាន់សម័យ ដែលជាហេតុធ្វើឲ្យ Samsung នាំមុខគេជានិច្ចខាងផ្នែកបចេ្ចកវិទ្យា និងការច្នៃប្រឌិត ជាមួយនឹងការបង្ហាញខ្លួនថ្មីនៃទូរស័ព្ទ Samsung Galaxy S7 និង S7 edge ដែលមានកាមេរ៉ាទូរស័ព្ទដំបូងបំផុតភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Pixel Sensor ដ៏ទំនើប ដែលអាចជួយឲ្យអ្នកប្រើប្រាស់ថតរូបភាពហ្មត់ច្បាស់ល្អនៅកន្លែងងងឹត មិនធ្លាប់មានពីមុនមក និងទូរទស្សន៍ Samsung SUHD TV 2016 ដែលដំណើរការឥតដែនកំណត់ ផ្តល់រូបភាពបានភ្លឺច្បាស់ល្អបំពាក់ដោយបច្ចេកវិទ្យា Quantum dot display ។
ការកត់សម្គាល់ និងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ក្រុមហ៊ុន Samsung។ ដោយផ្តោតទៅលើចំណុចខ្លាំង គុណតម្លៃ គោលដៅនៃការច្នៃប្រឌិត គុណភាព និងការរចនា។ ក្រុមហ៊ុន Samsung នឹងបន្តវិវឌ្ឍទៅមុខជានិច្ច ដើម្បីរក្សាតំណែងរបស់ខ្លួនជាស្លាកយីហោដ៏ល្អបំផុតប្រចាំអាស៊ី៕