(កំពត)៖ លោកយាយ តុល ឃុន អាយុ៩៤ឆ្នាំ និងកូនស្រីពីរនាក់ ដោយម្នាក់អាយុ៧៣ឆ្នាំ និងម្នាក់ទៀតអាយុ៧០ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត បានទទួលអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការ រងទី១ រួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោកយាយជរាទាំងបីនាក់ ម្តាយនិងកូន មានក្តីរំភើបឥតឧបមា ក្រោយបានទទួលអំណោយជាច្រើនពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទោះបីកន្លងមក ក្រុមការងារអនុសាខា -សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ធ្លាប់បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនហើយក៏ដោយ តែនៅពេលនេះ រឹតតែមានភាពកក់ក្តៅថែមទៀតដោយសារ តែក្រុមការងារចុះមកថ្ងៃនេះគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់តាំងក្រុមការងារចុះមកផ្ទាល់ ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះចាស់ជរា មានជីវភាព ខ្វះខាត ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ ដូចពាក្យថា «កាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»

ក្នុងការចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំមកប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ជាមួយនឹងការអនុវត្តតាមអនុសាសន៍ ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន លោកស្រី អគ្គលេខាធិការរងទី១ បានពិគ្រោះពិភាក្សាជាមួយសាខា-អនុសាខា ស្តីពីការរៀបចំសាងសង់ផ្ទះ ផ្ទះបាយ បង្គន់អនាម័យ ជូនលោកយាយ និងខួងអណ្តូង ទឹកស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងភូមិក្រសាំង ប្រមាណជាង២០គ្រួសារផងដែរ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូន លោកយាយទាំងបីនាក់ រួមមាន ៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ទឹកផ្លែឈើ ៤កេស ត្រីខ ៥០កំប៉ុង ទឹកស៊ីអ៊ីវ ៤យួរ ទឹកត្រី ៤យួរ ពងទាប្រៃ ៧៥គ្រាប់ ប្រេងឆា ១២ដប ឃីត៣ (មុង៣ ភួយ៣ សារុង៣ ក្រមា៣) ឆៃពៅ ១ក្រឡ ផ្អកឆាវ ១ក្រឡ ត្រីងៀតហើម ៥គីឡូក្រាម នំប៉័ង ៣ប្រអប់ធំ ខោអាវ ៣ កំប្លេរ សាប៊ូម្សៅ ១៥កញ្ចប់ និងថវិកា ៣០០,០០០រៀល រួមជាមួយនឹងថវិកាទិញគ្រឿងឧបភោគ បរិភោគ សរុបទាំងអស់ចំនួន ២លានរៀល។ ដោយឡែក លោកយាយម្នាក់អាយុ ៨៥ឆ្នាំ និងលោកតាម្នាក់អាយុ ៨៩ឆ្នាំ ដែលរស់នៅផ្ទះក្បែរនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុងម្នាក់ៗ ៖ មុង១ ភួយ១ សារុង១ ក្រមា១ ខោអាវ ១កំប្លេរ និងថវិកា ៥០,០០០រៀលផងដែរ៕