(ឧត្តរមានជ័យ)៖ បុរសម្នាក់ជាកសិករ បានធ្វើអត្តឃាតខ្លួនឯង ដោយបានយកថ្នាំបាញ់ស្មៅសម្លាប់សត្វល្អិត មកផឹកសម្លាប់ខ្លួន ព្រោះតែខឹងម្ដាយ និងប្រពន្ធស្ដីបន្ទោស រឿងផឹកស៊ី។ ហេតុការណ៍នេះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីធ្វើអត្តឃាតលេបថ្នាំពុលសម្លាប់ខ្លួននេះ បណ្ដាលមកពីជនរងគ្រោះខឹងម្ដាយ និងប្រពន្ធរបស់ខ្លូន ស្ដីបន្ទោស ពេលផឹកស៊ីម្ដងៗ។ សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះដែលស្លាប់ឈ្មោះ រី រីន អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ ហើយបានពិនិត្យសាកសព និងរកឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលេបថ្នាំ ពិតប្រាកដមែន។ បច្ចុប្បន្នសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕