(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន (Dr. LI Ailan) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកស្រីវេជ្ជបណ្ឌិតបានបញ្ចប់បេសកកម្មនៅកម្ពុជា ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោក ដែលបានគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស និងថវិកា ចាប់តាំងពីឆ្នាំ១៩៩១។ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជាការសម្របសម្រួលឱ្យកម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ មុនគេពីមជ្ឈមណ្ឌលកូវ៉ាក់ និងការគាំទ្រផ្នែកបច្ចេកទេសនានា។
លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជា បើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការ គាំទ្រដល់បេសកកម្មរបស់អង្គការសុខភាពពិភពលោក ក្នុងការអនុវត្តគម្រោងកម្មវិធីជាច្រើនដូចខាងក្រោម៖
* ប្រយុទ្ធនឹងជំងឺឆ្លង ដូចជាជំងឺ អេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺរលាកថ្លើមបេ ជំងឺដែលអាចបង្ការ បានដោយវ៉ាក់សាំង ដូចជាជំងឺ រលាកថ្លើមប្រភេទបេ ជំងឺស្អូច ខាន់ស្លាក់ និងជំងឺរលាកស្រោមខួរក្បាល បង្កដោយមេរោគ Japanese Encephalitis និងជំងឺបង្កដោយបាក់តេរីតែអាចបង្ការបានដោយវ៉ាក់សាំង តាមរយៈការដាក់ឱ្យប្រើវ៉ាក់សាំងថ្មីទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។
* ជំងឺមិនឆ្លង រួមមានផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយជាតិអំបិល ២០២១-២០២៧ ផែនការយុទ្ធសាស្រ្កស្តីពីការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ២០២១-២០២៦ និងសេចក្តីព្រាងផែនការ យុទ្ធសាស្រ្តជាតិ សម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២២-២០៣០។
* ជំរុញសម្រេចការគ្របដណ្តប់សុខភាពជាសកលតាមរយៈការផ្តោតឡើងវិញ ទៅលើការថែទាំសុខភាពបឋម។
លោករដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភ គាំទ្ររបស់អង្គការសុខភាពពិភពលោក ជាពិសេសភាពជាអ្នកដឹកនាំរបស់លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក និងបានជូនពរលោកស្រី វេជ្ជបណ្ឌិតបានទទួលជោគជ័យក្នុងភារកិច្ចថ្មី៕