Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារាជធានី ប្រជុំពិភាក្សា​សំណើ​គ្រួសារ​សពលោក​ កែម ឡី ស្នើឲ្យសម្រួល​សណ្តាប់ធ្នាប់​ពេល​ដង្ហែសព​ទៅខេត្តតាកែវ

15-07-2016 14:48

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នៅរសៀលម៉ោង៣៖០០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សាលើសំណើគ្រួសារសពលោក កែម ឡី ដែលបានស្នើឲ្យជួយសម្រូល និង រក្សាសណ្តាប់ធ្នាប់ពេល ដង្ហែសពទៅខេត្តតាកែវ។ តាមការគ្រោងទុកការដង្ហែសព លោក កែម ឡី នឹងធ្វើឡើង នៅវេលាម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅម៉ោង៣រសៀលនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំមួយ ពិភាក្សាលើសំណើក្រុមគ្រួសារសព លោក កែម​ឡី ឲ្យសាលារាជធានីជួយសម្រូល ការធ្វើដំណើរ និង រក្សាសណ្តាប់ធ្នាប់ពេល ដង្ហែសពទៅខេត្តតាកែវ។ គ្រួសារសពបញ្ជាក់ថា ចង់ឲ្យសាលារាជធានីជួយសម្រូល ពីព្រោះខ្លាច ពេលដង្ហែមានបញ្ហាអីកើតឡើង ដោយមិនដឹងជាមុន»

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ រៀបចំដឹកនាំកិច្ចប្រជុំនេះ ក្រោយពីទទួលបានលិខិតស្នើសុំពីក្រុមគ្រួសារសព លោក កែម ឡី ស្នើឲ្យឲ្យជួយសម្រូល និង រក្សាសណ្តាប់ធ្នាប់ពេលដង្ហែសព ទៅខេត្តតាកែវ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។ លិខិតខាងលើនេះ សាលារាជធានីភ្នំពេញ បានទទួលរួចរាល់ហើយ។

គួរបញ្ជាក់ថា សពលោក បណ្ឌិត កែម ឡី នឹងដង្ហែរទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដោយមានក្បួនរថយន្ត និងថ្មើរជើង តាមផ្លូវសំខាន់ៗមួយចំនួន។ យ៉ាងណាក៏ដោយ គ្រួសារលោក កែម ឡី នៅមិនទាន់ច្បាស់ថា នឹងបញ្ចុះថ្ងៃណាឡើយ។ ប៉ុន្តែអ្នកគាំទ្រលោក កែម ​ឡី នៅតែទទូចស្នើសុំឲ្យគ្រួសារសព បន្តរក្សាសាកសព លោក កែម ឡី​ ទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចមកអុកធូប និងគោរពវិញ្ញាណក្ខន្ធបានក្នុងរយៈពេលយូរទៀត៕