(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកសូមការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់ ក៏ដូចជាសំបុត្រចូលរួមពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម។
ក្នុងសារពិសេសផ្ញើជូនជនរួមជាតិនៅព្រលប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្តាតអូឡាំពិក ដែលបម្រើការប្រកួតបាល់ទាត់ ក៏ដូចជាវិមានកីឡដ្ឋាន (ស្តាតមរតកតេជោ) បម្រើការរៀបចំពិធីបិទ និងបើកព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ចំនួនកៅអីមានកំណត់ ហើយអ្នកចង់ចូលរួមមានចំនួនច្រើន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើសឱ្យល្អជាងនេះទៀតទេ។ ទីធ្លាយើង មានត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្តែមនុស្សចូលមើលច្រើន។ កន្លែងយើងតូច តែមនុស្សចង់ចូលរួមមានច្រើន។ ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ»។
សម្តេចតេជោ បន្ថែមថា «ខ្ញុំព្រះករុណា ខ្ញុំ សូមចិត្តបងប្អូនយោគយល់ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពនឹងដោះស្រាយនោះទេ។ អ្នកដែលទទួលបាន គឺសប្បាយចិត្ត អ្នកមិនបានទទួល មិនសប្បាយចិត្ត»។
សម្តេចតេជោ ហ៊ុន សែន សូមឱ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការវាយប្រហារលើអ្នករៀបចំ ពាក់ព័ន្ធនឹងបញ្ហាសំបុត្រនេះ ព្រោះជាកាធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្ត ដែលពួកគេខិតខំរៀបចំព្រឹត្តិការណ៍ជាកិត្តិយសរបស់ជាតិនេះ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/134223