(ប៉េកាំង)៖ ប្រទេសចិន នឹងកសាងរោងចក្រនុយក្លេអ៊ែរដែលអាចចល័តបាននៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពី តុលាការអន្តរជាតិឡាអេសម្រេចក្តីឲ្យប្រទេសនេះ ចាញ់ហ្វីលីពីន លើជម្លោះដែនកោះក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦។
កាសែត Global Times បានដកស្រង់ការផ្សាយតាមបណ្តាញសង្គមរបស់ ស្ថាប័នសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ជាតិចិន (CNNC) ថា «ការកសាងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើនាវានេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់ចិន ទៅលើតំបន់សមុទ្រចិនខាងត្បូង»។
Global Times បានចេញផ្សាយ តាមការបង្ហោះសាររបស់ CNNC ទៀតថា «នាវារោងចក្រនុយក្លេអ៊ែរ នឹងត្រូវយក ទៅប្រើប្រាស់នៅតាមប្រជុំកោះ និងថ្មប៉ប្រះទឹក ដូចគ្នាតំបន់ប្រវ៉ាត់កោះ ស្ព្រាតលីជាដើម ដើម្បីធានាឲ្យបាននូវការ គ្រប់គ្រងដែនទឹក»។ យ៉ាងណាក៏ដោយ សារព័ត៌មានអន្តរជាតិកំពុងតែតាមដានរកមើលភាពគួរឲ្យទុកចិត្តនៃការ បង្ហោះរបស់ CNNC នៅលើបណ្តាញសង្គម WeChat នោះបន្ថែមទៀត៕