(ពោធិ៍សាត់)៖ លោកស្រី ជុក សុផានី អភិបាលរងខេត្ត អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួម ក្នុងពិធីបំពាក់កន្សែងដល់កាយរឹទ្ធប្អូន មកពីសាលាបឋមសិក្សាពោធិ៍សាត់ ស្ថានីយ៍ ព្រៃញី លលកស ក្នុងក្រុងពោធិ៍សាត់ សរុបប្រមាណ២១៥នាក់។
ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីតំណាងមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត ព្រមទាំងប្អូនៗដែលជាកាយរឹទ្ធិប្អូន និងកាយរឹទ្ធិរៀមច្បងជាច្រើននាក់ផងដែរ។
ការបំពាក់កន្សែង ដើម្បីគោលបំណង ចូលរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជនឲ្យមានសក្តានុពលពេញលេញ ខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវសង្គម និងផ្លូវជំនឿសាសនា ដើម្បីឲ្យក្លាយទៅជាពលរដ្ឋ មានការទទួលខុសត្រូវ និងទៅជាសមាជិកសហគមន៍តាមមូលដ្ឋានរស់នៅ ក្នុងសហគមន៍ជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោក លី សុគន្ធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងជាស្នងការកាយរឹទ្ធិជាតិកម្ពុជាខេត្តពោធិ៍សាត់ បានឲ្យដឹងថា យុវជនកាយរឹទ្ធិដែលមាននៅក្នុងខេត្ត មាន៣៣២៥នាក់ ស្រី១៦៤៦នាក់ ក្នុងនោះសមាជិកកិត្តិយស៥៧នាក់ មេដឹកនាំកាយរឹទ្ធិ (ចាប់ពីមេកងគ្រូ) ៩៥៨នាក់ កាយរឹទ្ធិរៀមច្បង៤៣២នាក់ កាយរឹទ្ធិ១៩២៣នាក់ និងកាយរឹទ្ធិប្អូនដែលត្រូវបំពាក់កន្សែកនាពេលនេះ មាន២១៥នាក់។ លោកបានបញ្ជាក់ថា កាយរឹទ្ធិជាតិកម្ពុជា គឺជាអង្គការអប់រំស្ម័គ្រចិត្ត សម្រាប់កុមារ និងយុវជនមិនធ្វើនយោបាយ ហើយបើកចំហដល់ជនគ្រប់រូប ដោយមិនគិតពីដើមកំណើត សញ្ជាតិ ឬគោលជំនឿ ដោយអនុលោមទៅតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ។
បន្ថែមពីនេះ លោកស្រី ជុក សុផានី មានថ្លែងថា ការចូលរួមរបស់យុវជនក្នុងការងារសង្គម គឺពិតជាមានសារៈសំខាន់បំផុត ពីព្រោះកិច្ចការទាំងអស់មានផលប្រយោជន៍ ទាំងខ្លួនពួកគេផ្ទាល់ និងសង្គមជាតិទាំងមូល។ ជាងនេះទៅទៀត ធ្វើឲ្យយុវជនបានសិក្សារៀនសូត្រ ពីបញ្ហាសង្គមតាំងពីពួកគេនៅសិក្សាថ្នាក់បឋម អនុវិទ្យាល័យ និងវិទ្យាល័យ ក៏ដូចជាដើម្បីឲ្យពួកគេជៀសឆ្ងាយ ពីអំពើខុសច្បាប់ផ្សេងៗផងដែរ។ ជាចុងក្រោយ លោកស្រីអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរ ត្រូវចុះរៀបចំយុវជនកាយរឹទ្ធិតាមឃុំ-សង្កាត់-ភូមិ រៀងៗខ្លួន ហើយបើមានឱកាស យុវជនដែលបានជ្រើសរើស នឹងត្រូវចូលរួមប្រជុំទទួលយកចំណេះដឹង ពីតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត៕