(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្រេចផ្តល់នូវគ្រូបង្វឹកកីឡាតៃក្វាន់ដូ-ITF ដើម្បីជួយបង្វឹក និងបង្ហាត់បង្រៀនដល់បងប្អូននៅក្នុង «មជ្ឈមណ្ឌលឱកាសខ្ញុំ» ក្រោយចប់ការប្រកួតស៊ីហ្គេមលើកទី៣២ ដើម្បីឱ្យមានសុខភាពល្អ និងកាយសម្បទារឹងមាំ និងអាចធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ និងបានរស់នៅជួបជុំជាមួយក្រុមគ្រួសារវិញ។

ការសម្រេចបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនដែលកំពុងស្នាក់នៅ ទទួលការព្យាបាល និងស្តារនីតិសម្បទា ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន ១,៧២១នាក់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ ពិធីនេះមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ឋី ផងដែរ។

ការចុះមកនេះក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅ ទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមជ្ឈមណ្ឌលនេះ ដោយផ្តោតលើការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញ។

លោក កែវ រ៉េមី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូពេទ្យនៃមជ្ឈមណ្ឌល ដែលបានប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្តក្នុងការគ្រប់គ្រង មើលថែ និងព្យាបាលជនរងគ្រោះ។

ក្នុងនោះផងដែរលោក កែវ រ៉េមី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូពេទ្យទាំងអស់ឱ្យយកចិត្តទុកដាក់បន្ថែមទៀត អំពីស្ថានភាពនៃការរស់នៅ ការព្យាបាល និងការធ្វើសមាហរណកម្មរបស់ជនរងគ្រោះ ជាពិសេសប្រកាន់ខ្ជាប់ និងគោរពតាមលិខិតបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានរំលឹកពីបញ្ហានៅក្នុងអតីតកាលដែលប្រទេសមួយចង់ធ្វើការឈ្លានពាន និងគ្រប់គ្រងប្រទេសមួយទៀត ដោយប្រើប្រាស់ថ្នាំញៀនជាមធ្យោបាយក្នុងការបញ្ជ្រាបចូល ដើម្បីបំផ្លាញនូវសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ។ ហេតុដូច្នេះ លោកផ្តាំផ្ញើដល់បងប្អូនដែលកំពុងស្នាក់នៅ ទទួលការព្យាបាល និងស្តារនីតិសម្បទានៅក្នុងមជ្ឈមណ្ឌលនេះឱ្យខិតខំកែប្រែ កសាងខ្លួនក្លាយជាពលរដ្ឋល្អ ដែលមានសុខភាពប្រាជ្ញាស្មារតីល្អ និងកាយសម្បទារឹងមាំ ដើម្បីអាចចូលរួម កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនបាន។

លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន រួមទាំងប្រជាពលរដ្ឋទាំងអស់ ជាពិសេសសុខភាព និងសិទ្ធិរស់រានមានជីវិត តាមរយៈការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនដោយឥតគិតថ្លៃក្នុងការប្រយុទ្ធប្រឆាំង ទប់ស្តាត់ការឆ្លងរាលដាលជំងឺកូវីដ១៩កន្លងមក និងព្រមទាំងថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់លើការគ្រប់គ្រង និងការរស់នៅរបស់ជនរងគ្រោះក្នុងមជ្ឈមណ្ឌលឱ្យកាន់តែប្រសើរឡើង។

ក្នុងនោះផងដែរ លោក កែវ រ៉េមី ក៏បាននាំយកនូវអំណោយជាឱសថ និងគ្រឿងឧបភោគ បរិភោគចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលផងដែរ៕