(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត បានរៀបចំទីតាំងបញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ការប្រកួតបាល់ទាត់រវាងជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ប៉ះជាមួយប្រទេសហ្វីលីពីន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ដោយមានអ្នកចូលទស្សនាជិត៨ពាន់នាក់។ នេះបើយោងតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣ ខែឧសភាឆ្នាំ ២០២៣។
បើតាមអាជ្ញាធរក្រុងព្រៃវែង បានឱ្យដឹងថា អាជ្ញាធរបានរៀបចំឱ្យពលរដ្ឋបានទស្សនាតាមកញ្ចក់ទូរទស្សន៍ LED នេះ គឺបានផ្តល់ទស្សនីយភាពមួយដល់ប្រជាពលរដ្ឋ ដែលមិនមានឱកាសសម្រាប់ទៅទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន នៅឯទីក្រុងភ្នំពេញ ហើយក៏អាចអញ្ជើញទស្សនាដោយផ្ទាល់ អំពីការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា តាមកញ្ចក់ទូរទស្សន៍ LED ដែលអាជ្ញាធរបានរៀបចំនៅតាមទីតាំងក្នុងក្រុងព្រៃវែង។
មិនត្រឹមតែមានការរៀបចំនៅក្នុងទីរួមខេត្តតែប៉ុណ្ណោះទេ រដ្ឋបាលស្រុកនានា នៃខេត្តព្រៃវែង ក៏បានរៀបចំនូវផ្ទាំងស្លាយសម្រាប់ប្រជាពលរដ្ឋនៅតាមស្រុករបស់ខ្លួនអញ្ជើញទស្សនា និងចូលរួមអបអរសាទរនៅព្រឹត្តិការណ៍ដែលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាយើងដែលបានរៀបចំនូវព្រឹត្តិការណ៍មួយនេះផងដែរ។
ពលរដ្ឋក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជាដែលបានរៀបចំឱ្យព្រឹត្តិការណ៍នេះឡើង ទាំងនេះគឺកើតចេញពីប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ៕