(ភ្នំពេញ)៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ហើយកម្ពុជានឹងត្រូវដាក់ជូននូវរបាយការណ៍វឌ្ឍនៈភាព និងលទ្ធផលសម្រេចបានរបស់ប្រទេស ចាប់ពីពេលដែលបានចុះហត្ថលេខាទទួលយកនូវការប្តេជ្ញាចិត្ត កាលពីចុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។
ជាក់ស្តែងដើម្បីរៀបចំឱ្យបានកាន់តែល្អនោះនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ និងអង្គការដៃគូរ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកកិច្ចសន្ទនាភាពជាដៃគូ និងសម្របសម្រួលកម្រិតជាតិក្នុងដំណើរការឆ្ពោះទៅកាន់កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ស្តីពីជំងឺរបេង ២០២៣។ កិច្ចសន្ទនាភាពជាដៃគូនេះបានផ្តួចផ្តើមសហការរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) នៃក្រសួងសុខាភិបាលកម្ពុជា និងអង្គការខាណា (KHANA) រួមជាមួយភាគីដៃគូ WHO ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) គម្រោងខំមីត (COMMIT) និងអង្គភាព Stop TB Partnership។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំក្រសួងវប្បធម៌, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងផែនការ, តំណាងអង្គការសុខភាពពិភពលោក រួមជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។
បើតាមលោកវេជ្ជបណ្ឌិត ហូត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានថ្លែងថា វេទិកានេះ នឹងធ្វើការចែករំលែកនូវព័ត៌មាន ការអភិវឌ្ឍ តម្រូវការ និងបទអន្តរាគមន៍សំខាន់ៗ អំពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេងឆ្នាំ២០២៣ (2023 UNHLM-TB) តាមរយៈការចូលរួមរបស់តំណាងកម្មវិធីជាតិកំចាត់រោគរបេង និងតំណាងអង្គការសង្គមស៊ីវិល ដែលបានរៀបចំឡើងកាលពីចុងខែមីនា ឆ្នាំ២០២៣ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ីកន្លងទៅនេះ។ បន្ថែមពីនេះ និងសំខាន់ៗបំផុតនោះ គឺកម្ពុជានឹងធ្វើការរៀបចំនូវសេចក្តីព្រៀងផែនការកម្រិតប្រទេសសម្រាប់កៀរគរ ស្វែងរកការគាំទ្រ និងការគាំទ្រនានា សេចក្តីប្រកាសនយោបាយស្តីពីជំងឺរបេង (UNHLM-TB targets) តាមរយៈអនុសាសន៍ សំណូមពរ និងធាតុចូលដែលទទួលបានពីកិច្ចសន្ទនារបស់យើងនេះ។
លោកបានឱ្យដឹងថា បើតាមរបាយការណ៍ស្តីពីជំងឺរបេងសាកល របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២១ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែ៣ប៉ុណ្ណោះ នៃបញ្ជីឃ្លាំមើលជំងឺរបេងសាកល (កម្ពុជា សហព័ន្ធរុស្សី និងស៊ីមបាវ៉េ) ដែលសម្រេច បានគោលដៅ ២០២០ នៃការកាត់បន្ថយអត្រាឈឺ ដោយសារជំងឺរបេង ២០% នៃយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងសម្រាប់រយៈពេលប្រាំឆ្នាំ ២០១៥-២០២០ ដែលនេះ គឺមោទនភាពដ៏ប្រសើររបស់កម្ពុជាក្នុងការបោះជំហានជាមួយភាពជោគជ័យរបស់ខ្លួន ប៉ុន្តែកម្ពុជានៅតែមានមនុស្សប្រមាណមួយភាគបី ដែលកំពុងឈឺដោយសារជំងឺរបេង នៅមិនទទួលបានការថែទាំ ការធ្វើរោគវិច្ឆ័យ និងការព្យាបាលទាន់ពេល ដែលនេះគឺជាហានិភ័យលើការបន្តការចម្លង និងការឆ្លងដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងប្រទេសជាតិ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានបន្ថែមថា «កិច្ចសន្ទនាភាពជាដៃគូ និងសម្របសម្រួលកម្រិតជាតិនេះ ពិតជាមានសារៈសំខាន់ណាស់ និងត្រូវបានរៀបចំឡើង ស្របពេលដែលប្រទេសកម្ពុជាកំពុងតែត្រៀមរៀបចំ និងពិនិត្យលើរបាយការណ៍ឆ្លើយតបជំងឺរបេងរបស់ប្រទេស ដើម្បីមានលទ្ធភាពផ្តល់ជាពត៏មានជូនដល់មហាសន្និបាទរបស់អង្គការសហប្រជាជាតិ ហើយជាពិសេសនោះ គឺកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ២០២៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ»។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចសន្ទនាភាពជាដៃគូ និងសម្របសម្រួលនេះ អាចជាវេទិកាមួយ ឬឱកាសមួយបន្ថែមទៀត ក្នុងការកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៅកម្រិតថ្នាក់ជាតិ រួមទាំងថ្នាក់ដឹកនាំ អ្នកសិល្បៈករ-សិល្បៈការីនី អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល បណ្តាញសហគមន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែក និងគាំទ្រលើការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរ ឆ្ពោះទៅកាន់កកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង (UNHLM-TB លើកទី២ ) ឆ្នាំ២០២៣(លើកទី១ នៅឆ្នាំ២០១៨)។
តាមនាមឱ្យលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានថ្លែងថា ប្រទេសកម្ពុជាបានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាខ្លាំង ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ខណៈដែលជាង២០ឆ្នាំមុន ប្រទេសកម្ពុជា បានស្ថិតនៅក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក ប៉ុន្តែក្នុងរយៈពេលយ៉ាងខ្លី ប្រទេសកម្ពុជាបានក្លាយជាប្រទេសដ៏គំរូមួយសម្រាប់ពិភពលោកក្នុងការងារកំចាត់ជំងឺរបេងជាមួយនឹងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត បានឱ្យដឹងថា ក្រសួងសុខខាភិបាលបានផ្តល់ជូនសេវាបង្ការ ធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំជំងឺរបេងជូន ប្រជាពលរដ្ឋយើងដោយឥតបង់ថ្លៃ រួមជាមួយឧបករណ៍ពិនិត្យតាមដាន និងធ្វើរោគវិនិច្ឆ័យកាន់តែទំនើប ទួលបានលទ្ធផលរហ័ស និងកាន់តែជឿជាក់។ ចំណែកការស្រាវជ្រាវរបេងសកម្ម កាន់តែមានភាពរីកចំរើន និងជឿនលឿនទៅមុខគួរឱ្យគត់សម្គាល់ និងជាហេតុផលមួយ ធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងជាលំដាប់។ ជាក់ស្តែងអត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០,០០០នាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះ៥០%។ ចំណែកឯអត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៨៨ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%ផងដែរ៕