(កោះកុង)៖ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដាក់បញ្ជាខាតឱ្យមន្ត្រីអាវុធទាំងអស់ ខិតខំទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងត្រូវគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ បំពេញកាតព្វកិច្ចជាអាវុធហត្ថ។

ការដាក់បទបញ្ជាយ៉ាងនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី១ ឆ្នាំ២០២៣ និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាននៃកងរាជអាវុធខេត្តកោះកុង នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង បានលើកឡើងថា កងកម្លាំងរាជអាវុធហត្ថត្រូវអនុវត្តនូវគោលការណ៍បទបញ្ជារបស់អគ្គមេបញ្ជាការលើផ្ទៃប្រទេស ដែលមានមាននាយឧត្តមសេនីយ៍ឯក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើកផ្ទៃប្រទេស។

លោកបន្តថា អង្គភាពកងរាជអាវុធខេត្តកោះកុងបានចិត្តតាំង និងរៀបចំខ្លឹមសារកម្មវិធីរៀនសូត្រ និងធ្វើការបើកវគ្គបំប៉នជំនាញកងរាជវុធហត្ថឆមាសទី១ ឆ្នាំ២០២៣ ដល់នាយទាហាននាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកោះកុង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលមានរយៈពេលចំនួន៣០ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចំនួន៣ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ក្នុងនោះចាប់ពីថ្នាក់អនុសេនីយ៍ឯកចុះមកដល់ប្រតិបាលទោ។ ចំណែកគ្រូឧទ្ទេសនាមក្នុងវគ្គនេះមានចំនួន១៦នាក់(គ្រូបង្គោលក្នុងអង្គភាព)។

ការហ្វឹកហាត់នេះផ្តោតលើ៣មុខវិជ្ជា៖ មុខវិជ្ជាបច្ចេកទេស មុខវិជ្ជាវិជ្ជាជីវៈរក្សាថ្នាក់ថ្នម មុខវិជ្ជាវិទ្យាអប់រំចិត្តសាស្ត្រ។ លោកគ្រូបង្គោលក្នុងអង្គភាពមានការប្រឹងប្រែងពីគ្រូ និងដោយយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរូបវគ្គបានល្អរបស់សិក្ខាកាមគ្រប់រូបក្នុងវគ្គសិក្សា រយៈពេល៣០ថ្ងៃកន្លងមកនេះ។

លោកមេបញ្ជាការក៏បានបន្តថា ស្របទៅនឹងគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេសរួមគ្នាការពារសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស កម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបំពេញកាតព្វកិច្ចបម្រើជាតិឲ្យអស់ពីចិត្តពីថ្លើម ត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជួយគ្នាដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ៕