(បាត់ដំបង)៖ ទីតាំងដែលបានបញ្ចាំងស្លាយនៅក្រុងបាត់ដំបង ផ្សាយបន្ដផ្ទាល់ក្នុងការប្រកួតបាល់ទាត់រវាងជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ប៉ះជាមួយប្រទេសហ្វីលីពីន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ មានអ្នកចូលទស្សនាសរុបជាង៦ពាន់នាក់ នៅតាមបណ្ដាទីតាំងទាំង៤ ដែលបានរៀបចំដោយរដ្ឋបាលខេត្ត ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។
ដោយឡែក សម្រាប់នៅតាមបណ្ដាស្រុកទាំងអស់ ក្នុងខេត្តបាត់ដំបង ក៏បានរៀបចំដាក់បញ្ចាំងស្លាយដូចគ្នានេះដែរ ហើយក៏មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលទស្សនា ពោរពេញដោយក្ដីរំភើបសប្បាយរីករាយយ៉ាងក្រៃលែង។
សូមជម្រាបថា រដ្ឋបាលខេត្ដបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានរៀបចំការផ្សាយបន្ដផ្ទាល់ ដោយដាក់បញ្ចាំងជូនប្រជាពលរដ្ឋបានទស្សនាដោយសេរី ការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា រដ្ឋបាលខេត្ដ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការផ្សាយបន្ដផ្ទាល់នេះ នៅតាមបណ្ដាទីតាំងសំខាន់ៗ ជាច្រើនក្នុងមូលដ្ឋានខេត្ត គ្រប់ការប្រកួតកីឡាបាល់ទាត់៕