(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន តាមរយៈ JICA នឹងផ្ដល់គម្រោងមួយដល់កម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាប្រតិបត្តិករ ជាលើកដំបូង គឺ «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១៦៧ លានដុល្លារ ដែលគ្របដណ្តប់លើខេត្តគោលទាំង៤គឺ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
គម្រោងនេះនឹងផ្តោតទៅលើការកែលម្អផ្លូវជនបទ ពីផ្លូវល្បាយក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងផ្លូវបេតុង ប្រវែង ៥២៩គីឡូម៉ែត្រ ក្នុងខេត្តគោលដៅខាងលើ។
ជាការឆ្លើយតបលោក Sanui Kazumasa បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ លោកបានបញ្ជាក់ថា បច្ចុប្បន្ន JICA កំពុងពិនិត្យលើឯកសារសំណើ សុំជ្រើសរើសទីប្រឹក្សាបច្ចេកទេសរបស់គម្រោងនេះ ដើម្បីងាយស្រួលដល់កិច្ចសហប្រតិបត្តិការ វាងក្រសួងអភិវឌ្ឍន៍ជនបទ និងJICA កាន់តែប្រសើឡើង។
ជំនួបនេះបានរៀបចំនាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងសហការីរបស់ JICA ផងដែរ។
បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសំដែងការស្វាគមន៍ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគី JICA និងក្រសួងអភិវឌ្ឍន៍ជនបទ លើការរៀបចំ និងអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ក្រោមហិរញ្ញប្បទានរបស់ JICA។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានជម្រាបជូនភ្ញៀវ អំពីយុទ្ធសាស្រ្ដសំខាន់ៗ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋនៅទីជនបទ ឲ្យមានភាពប្រសើរឡើង តាមរយៈការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ សេវាសាធារណៈ ជាពិសេសផ្លូវជនបទ ដែលប្រៀបបានដូចជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រជាកសិករ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលយគម្រោងខាងលើនេះ នឹងរួមចំណែកក្នុងការសម្រេចឲ្យបាន គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០២៣ របស់ក្រសួង។
បណ្ឌិតសភាចា្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ JICA និងរាជរដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែជួយ ដល់កម្ពុជា លើការអភិវឌ្ឍន៍គ្រប់វិស័យ និងបានអបអរសាទរជូនចំពោះលោក Sanui Kazumasa ដែលបានទទួលតំណែងជាប្រធានថ្មី JICA ប្រចាំនៅប្រទេសកម្ពុជា៕