(ភ្នំពេញ)៖ កម្មករម្នាក់ពេលកំពុងបញ្ជាអេស្ការវ៉ាទ័រ (AX)កាយដី ស្រាប់តែបញ្ជាទៅកាយកូនត្នោត ដើម្បីយកមកហូបដោយ មានការធ្វេសប្រហែសបន្តិច ក៏ត្រូវបូមប្រម៉ោយAX រេមកកៀបផ្ទប់ជាប់ និងតួកាប៊ីនបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មតែម្ដង ។
ករណីខាងលើនេះ បានកើតឡើងនៅសៀលថ្ងែទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចកណ្ដាល វាលស្រែក្បែរទួលលោកតាគោល ស្ថិតក្នុងភូមិកាន់ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាល ខណ្ឌព្រែកព្នៅបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងបើកបញ្ជា AX កាយដី ក៏ស្រាប់តែបញ្ជា AX ទៅកាយកូនត្នោតដើម្បីយកគោមត្នោតមកហូប ខណៈពេលកាយ បានមកហើយ ក៏បញ្ជាប្រម៉ោយ AX ឲ្យក្ដោបចូលក្បែរខ្លួនដែលកំពុងបញ្ជា AX នៅក្នុងកាប៊ីន ប៉ុន្តែជាអកុសល្យពេល អើតចេញលូកដៃ មកយកដោយមានការធ្វេសប្រហែស ក៏បានទាក់និង ប្រដាប់បញ្ជា AX ស្រាប់តែ រេ ប្រម៉ោយ AX មកភ្លាម កៀបជាប់ផ្ទប់ និងបូមប្រម៉ោយជាមួយនិងតួកាប៊ីន AX បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម។
លោកវរសេនីយ៍ឯក ឈិន គឹមធុយ បានបញ្ជាក់បន្តថា យុវជនរងគ្រោះដែលត្រូវបានស្លាប់ បាត់បង់ជីវិតមានឈ្មោះបឿន វណ្ណះ អាយុ១៦ឆ្នាំ មានមុខរបរជាអ្នកបើកAXកាយដី ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
លោកវរសេនីយ៍ឯក ឈិន គឹមធុយ បានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ពន្សាំងបាន ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងប្រគល់ សាសពជូនក្រុមគ្រួសារ ដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិសង្កាត់កើតហេតុខាងលើ៕