(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦នេះ បានដឹកនាំក្រុមការងារមាន លោកស្រី អាន ផល្លា ប្រធានសមាគមនារីខណ្ឌ លោក លន់ សោ អនុប្រធានមន្ទីរហិរញ្ញវត្ថុរាជធានី លោក កូប ស្លេះ អភិបាលរងខណ្ឌ រួមទាំងមន្ត្រីក្រោមឱវាទ បានចូលរួមពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូ ស្ថិតក្នុងក្រុម១-២ ស្ថិតក្នុងភូមិផ្សារតូច និងក្រុម១៨-១៩ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ដើម្បីឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
ក្នុងឱកាសនេះ លោក ជា ពិសី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលបានចូលរួមជាង៣០០នាក់ថា «ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ ទៅនឹងតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបនូវបញ្ហាផ្លូវលិចលង់ នារដូវវស្សានេះ ទើបអាជ្ញាធរសម្រេចស្ថាបនា ប្រព័ន្ធលូប្រវែង២៧៣ម៉ែត្រ គុណ០,៦ម៉ែត្រ ផ្លូវប្រវែង៥៦៣ម៉ែត្រ គុណ០,៨ម៉ែត្រ ស្ថិតក្នុងក្រុមទី១-២ភូមិផ្សារតូច និងក្រុម១៨-១៩ភូមិទួលសង្កែ គឺជាគម្រោងមូលនិធិរបស់សាលាខណ្ឌឫស្សីកែវ ឆ្នាំ២០១៦ រីឯផ្លូវបេតុងគ្មានសសៃដែកប្រវែង៣៨៩ម៉ែត្រ គុណ៤ម៉ែត្រ និងដាក់លូប្រវែង៣២៣ម៉ែត្រ គុណ០,៥ម៉ែត្រ គឺជាគម្រោងមូនិធិរបស់សាលាសង្កាត់ទួលសង្កែ ឆ្នាំ២០១៦»។
លោក ជា ពិសី បានបន្ថែមទាក់ទង និងបញ្ហាបរិស្ថានជុំវិញការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ នាបច្ចប្បន្ននេះថា ប្រសិនបើរាជរដ្ឋាភិបាលរបស់យើងខ្លាំង ក្រសួងបរិស្ថានខ្លាំង សាលារាជធានីភ្នំពេញខ្លាំង សាលាខណ្ឌឫស្សីកែវខ្លាំង សាលាសង្កាត់ក៏ខ្លាំង តែមិនមានការចូលរួមសហការពីបងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទេនោះ ក៏យើងមិនអាចរកដំណោះស្រាយ ដែលកំពុងប្រឈមនេះបានឡើយ»។
លោកបានបញ្ជាក់ថា កាលពីម្សិលមិញ លោកបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនស៊ុនទ្រី ពាក់ព័ន្ធបញ្ហាសំរាមកាកសំណល់ផ្សេងៗ ដែលមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្វើជាសាក្សីនាឱកាសនោះផងដែរ។
ជាចុងក្រោយ លោកបានបញ្ជាក់ថា ដោយសារតែប្រទេសកម្ពុជាយើង ជាប្រទេសដែលមានប្រជាធិបតេយ្យ មាននីតិរដ្ឋ និងស្ថេរភាពនយោបាយ ដោយទទួលបានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែមានការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លៀសវៃ របស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕