(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សរ ម៉ឺន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ ដែលជាឥស្សរជនជាន់ខ្ពស់យុទ្ធមិត្តបម្រើកងទ័ពតាំងពីឆ្នាំ១៩៧៨ បានទទួលមរណភាព នៅថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០៖៥៩នាទី នៅមន្ទីរពេទ្យព្រះកេតុលាមា ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

យោងតាមសេចក្ដីជូនដំណឹងជូនរបស់សាកលវិទ្យាល័យការពារជាតិ បានបញ្ជាក់ថា បច្ចុប្បន្នសពលោកឧត្តមសេនីយ៍ឯក សរ ម៉ឺន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខ១២៣ ផ្លូវM០២ ភូមិបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារសាកលវិទ្យាល័យការពារជាតិ សហការជាមួយក្រុមការងារក្រសួងកំពុងរៀបចំពិធីតាមបទបញ្ជា។

ព័ត៌មាននេះ ចាត់ទុកជាការគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ នៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នាយទាហាន ព្រមទាំងនិស្សិតសិក្ខាកាម និងញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសពឲ្យបានអធិកអធម៕