(ភ្នំពេញ)៖ ឆមាសទី១ ឆ្នាំ២០១៦ បេឡាជាតិអតីតយុទ្ធជន បានចំណាយថវិកាជាង ២ម៉ឺនលានរៀល ក្នុងការផ្តល់ប្រាក់របបសន្តិសុខសង្គម ដល់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន។
យោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំការងារឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តន៍ បន្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យ ដឹងថា សម្រាប់ប្រាក់របបសន្តិសុខសង្គម ដែលបានចំណាយជាង ២ម៉ឺនលានរៀល នៅក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ គឺបានបើកប្រាក់បៀរវត្សរ៍ជូនដល់អតីតយុទ្ធជន និងគ្រួសារយុទ្ធជនរួមមាន ជនពលី សរុបជាង ៥ម៉ឺននាក់ បានផ្តល់របបសន្តិសុខសង្គមជាង ៣រយលានរៀល ជនមរណៈជាង ១ម៉ឺននាក់ ចំណាយថវិការអស់ជាង៨៦លានរៀល ជនពិការជិត៤ម៉ឺននាក់ ចំណាយថវិការអស់ជាង១២ម៉ឺនលាន រៀល និវត្តន៍ជនជាង ៣ម៉ឺននាក់ អស់ជាង ១២ម៉ឺនលាន និងជនបាត់បង់ជិត ២ពាន់នាក់ បានចំណាយថវិការអស់ជាង ៦រយលានរៀលផងដែរ។
របាយការណ៍បានឲ្យដឹងដែរថា នៅឆមាសទី១ នេះដែរ តំណាងក្រុមការងារបេឡាជាតិអតីតយុទ្ធជន បានលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ខែរួមមាន ជនពលីមានចំនួន ៣៤៤នាក់ ជនមរណៈ ៣៣នាក់ ជនពិការ ២២នាក់ និវត្តន៍ជន ១៤នាក់ និងជនបាត់បង់ ១នាក់ ចំណាយថវិការសរុបអស់ជាង១រយលាន រៀល ។ ក្នុងនោះបេឡាជាតិអតីតយុទ្ធជន ក៏បានលុបឈ្មោះអតីតយុទ្ធជនដែលទទួលមរណៈភាព និងទទួលស្គាល់ជាជនពលីនិងមរណៈវិញមាន ជនពិការ៣៣៦នាក់ និវត្តន៍ជន៥១៤នាក់ និងជនបាត់ បង់ចំនួន១នាក់ សរុបថវិការអស់ជិត២រយលានរៀលផងដែរ ។
ទាក់ទិននិងរបបសន្តិសុខសង្គមនេះ បើយោងតាមរបាយការណ៍បេឡាជាតិអតីតយុទ្ធជន បានឲ្យដឹងថា ក្រុមមន្រ្តីបេឡាជាតិ បានធ្វើការផ្ទេរសិទ្ធបើកប្រាក់ជូនគ្រួសារអតីតយុទ្ធជនចំនួន ៧៣៥នាក់ បាន ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃមានចំនួនជាង ១ពាន់នាក់ បញ្ចូល បន្ទុកកូនរបស់អតីតយុទ្ធជនចំនួន៥៣នាក់ និងបានផ្ទេរអតីយុទ្ធជនតាមមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីខេត្តចំនួន៩០នាក់ ព្រមទាំងផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ជូនអតីតយុទ្ធជន ចំនួន ៦៤០នាក់ផងដែរ៕