(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដស៊េរីទំនើបមួយគ្រឿង បានស្រែកជេរឡូឡា និងគំរាំមប្រើប្រាស់អាវុធលើជាងកាត់សក់ ក្នុងហាងកាត់សក់មួយកន្លែង នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា បុរសម្នាក់ស្លៀកខោកាប៊យ ពាក់អាវយឺតលឿង ស្រែកជេរឡូឡា ទៅកាន់ជាងកាត់សក់ម្នាក់។

លុះមួយសន្ទុះក្រោយមក បុរសខាងលើបានដើរចេញទៅក្រៅ ទំនងចូលទៅក្នុងហើយយកគ្រាប់កាំភ្លើងមកបាច់នៅក្នុងហាង បង្កឲ្យការភ័យខ្លាច ដល់ជាងកាត់សក់ និងភ្ញៀវដទៃទៀតដែលកំពុងអង្គុយលើកៅអីកាត់សក់។

ក្រោយមកទៀត បុរសដដែលនោះបានដើរចេញទៅក្រៅ យកកាំភ្លើងសៀតចង្កេះខាងស្ដាំ រួចសោយអាវឡើងលើដើម្បីគំរាមទៅកាន់ជាងកាត់សក់ទំនងចង់បញ្ជាក់ថា ខ្លួនមានកាំភ្លើង។

តាមរយៈសកម្មភាពក្នុងវីដេអូនេះ បានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវ មានការភ័យខ្លាចយ៉ាងខ្លាំង រហូតជាងកាត់សក់នោះលើកម្រាមដៃ១០សំពះសុំទោសម្ដងហើយម្ដងទៀត ខណៈភ្ញៀវដទៃបានរត់ចេញក្រៅទាំងជាប់កន្សែងកាត់សក់គ្របលើខ្លួនថែមទៀតផង។

សេចក្ដីរាយការណ៍ផ្សេងទៀត បានអះអាងថា ក្រោយស្រែកជេរឡូឡាអស់ចិត្ត បុរសខាងលើបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 570 ពាក់ផ្លាកលេខភ្នំពេញ 2AG-2222 ចេញទៅបាត់។

ជុំវិញករណីនេះ មហាជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវករណីនេះ កុំឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕