(រតនគិរី)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ១,០០០នាក់បានមកទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា-ហ្វីលីពីន នារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ តាមរយៈកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់នៅទីតាំងខាងជើងរង្វង់មូលនាគព័ន្ធ ក្រុងបានលុង ជាមួយនឹងសម្រែកហ៊ោកញ្ជ្រៀវពោរពេញដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។
បើតាមលោក ធូ ខឿ អភិបាលក្រុងបានលុងក្រោមការចង្អុលបង្ហាញពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បង្គាប់ឲ្យមានការរៀបចំនៅទូទាំងខេត្តរតនគិរីនៅមូលដ្ឋានរៀងៗខ្លួន ក្នុងនោះក្រុងបានលុងត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយបានរៀបចំដាក់ទូរទស្សន៍ខ្នាតយក្ស (LED) ដើម្បីចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ពីការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ជាមួយនឹងការបំពាក់ធុងបាស់សំឡេងកងរំពងកក្រើកក្រុងបានលុងតែម្ដងយប់មិញនេះ។
លោកថា ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ បានបញ្ចេញមតិលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយ ដែលរដ្ឋបាលខេត្តរតនគិរីបានរៀបចំដាក់ទូរទស្សន៍ខ្នាតធំឱ្យពួកគាត់បានទស្សនាជុំគ្នា ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយ ស្រែកហ៊ោកញ្ច្រៀវ ជាពិសេសនៅពេលក្រុមកីឡាករទាត់បាល់បញ្ចូលទីម្ដងៗ។
សូមជម្រាបថា រដ្ឋបាលខេត្តរតនគិរីបានរៀបចំការផ្សាយបន្តផ្ទាល់ចំនួន៦ទីតាំង៖
១-ក្រុងបានលុង មានទីតាំងផ្សាយផ្ទាល់ចំនួន១កន្លែង នៅខាងជើងរង្វង់មូលនាគព័ន្ធ
២-ស្រុកបរកែវ មានទីតាំងផ្សាយផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណសាលាស្រុក
៣-ស្រុកអណ្តូងមាស មានទីតាំងផ្សាយផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណវត្តអណ្តូងមាស
៤-ស្រុកកូនមុំ មានទីតាំងផ្សាយផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណសាលាស្រុកកូនមុំ
៥-ស្រុកអូរយ៉ាដាវ មានទីតាំងផ្សាយផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណសាលាស្រុក
៦-ស្រុកវ៉ើនសៃ មានទីតាំងផ្សាយផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណកំពង់ចម្លងវ៉ើនសៃ។
សូមជម្រាបថា ក្នុងការប្រកួតដែលក្រុមជម្រើសជាតិកម្ពុជាប៉ះជាមួយក្រុមជម្រើសជាតិហ្វីលីពីន នាវេលាយប់មិញនោះ ជាលទ្ធផលស្មើគ្នា ១-១៕