(កំពង់ឆ្នាំង)៖ មនុស្ស៣នាក់បានស្លាប់នៅកន្លែង និង៨នាក់ផ្សេងទៀតរងរបួសធ្ងនស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

លោក លី ណា នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្តស៉ីទែនធន់ធំ និងរឺម៉កម៉ូតូ ដែលបានបង្កឲ្យមានមនុស្សស្លាប់ចំនួន៣នាក់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ស្រាល៨នាក់។

លោក លី ណា បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំង៣នាក់ខាងលើនេះមានស្ត្រី២នាក់ និងបុរសម្នាក់ ដែលជាតៃកង់រឺម៉កម៉ូតូ ក្រោយពេលកើតហេតុតែកុងរថយន្តបានរត់គេចខ្លួន ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះដែលរងរបួសទាំង៨នាក់នោះ អ្នកខ្លះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឧដុង្គ និងអ្នកខ្លះទៀតដឹកយកទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ដោយឡែក សពជនរងគ្រោះទាំង៣នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ចំណែកមធ្យោបាយបង្កទាំងអស់ត្រូវបានរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្វាយ រង់ចាំដោះស្រាយជាបន្ត។

លោកនាយការិយាល័យចរាចរណ៍ផ្លូវគោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ពិសេសការធ្វើដំណើរក្នុងពេលយប់ យានយន្តគ្រប់ប្រភេទដែលបានប្រើប្រាស់នៅលើផ្លូវសាធារណៈត្រូវតែបំពាក់ភ្លើងសញ្ញាមុខក្រោយ ឬចំណាំងផ្លាតឲ្យបានត្រឹមត្រូវ ចៀសវាងមានការគ្រោះថ្នាក់ជាយថាហេតុដូចករណីខាងលើនេះ៕