(ស្វាយរៀង)៖ ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងដែលគាំទ្រវិស័យកីឡា ជាពិសេសគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាស៊ីហ្គេមឆ្នាំ២០២៣ បាននាំគ្នាមកទស្សនាការប្រកួតកីឡាបាល់ទាត់រវាងកម្ពុជានិងហ្វីលីពីន តាមរយៈកញ្ចក់ទូរទស្សន៍ LED ដែលអាជ្ញាធរខេត្តបានរៀបចំនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងក្រុងស្វាយរៀង ក្នុងនោះមានអ្នកទស្សនាជាង២,០០០នាក់ នារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

មន្ត្រីសាលាខេត្តស្វាយរៀងបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក ម៉ែន វិបុល អភិបាលខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងសប្បាយរីករាយក្នុងការទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ បានចាត់ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំចាក់ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ LED នៅខាងមុខរោងភាពយន្ត ជិតរង្វង់មូលនាគព័ន្ធ ផ្លូវជាតិលេខ១ និងចាក់ស្លាយនៅទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ ដែលមានអ្នកទស្សនាជាង២០០០នាក់ កាលពីយប់មិញ។

ដោយឡែក នៅក្រុងបាវិតក៏មានការរៀបចំចាក់ផ្សាយបន្តផ្ទាល់ជូនប្រជាពលរដ្ឋទស្សនា តាមរយៈកញ្ចក់ទូរទស្សន៍ LED នៅសាលាក្រុងបាវិត និងនៅផ្សាររាត្រី ជិតមាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនាបាល់ទាត់ផងដែរ។

ក្រៅពីក្រុងបាវិត នៅស្រុកចន្ទ្រា និងនៅតាមបណ្តាស្រុកដទៃទៀតក៏មិនខុសគ្នាដែរ ភាគច្រើនគឺមានការចាក់ផ្សាយបន្តផ្ទាល់ជូនប្រជាពលរដ្ឋទស្សនា តាមរយៈកញ្ចក់ទូរទស្សន៍ LED នៅទីតាំងសាលាស្រុកផ្ទាល់តែម្តង។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំនេះ រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជានៅតាមបណ្តាក្រុង ស្រុកបានរៀបចំចាក់បញ្ចាំងជូនប្រជាពលរដ្ឋទស្សនាដោយភាពសប្បាយរីករាយ ក្រោមដំបូលសន្តិភាព ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា៕