(ភ្នំពេញ)៖ កុមារកំព្រាជាង ១ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលទាំង ២៥៤កន្លែង នៅទូទាំងប្រទេសកម្ពុជា សុទ្ធតែទទួលបានសេវាស្នាក់នៅ អប់រំចិញ្ចឹមបីបាច់ថែរក្សា ការបង្កលក្ខណៈឲ្យរៀនសូត្រ ទទួលយកចំណេះទូទៅ ការបណ្តុះបណ្តាលជំនាញវីជ្ជជីវៈ និងការធ្វើសមាហរណកម្មទៅរស់នៅក្នុងសហគមន៍។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តន៍ បន្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យ ដឹងថា បច្ចុប្បន្ន កម្ពុជាមានមណ្ឌលថែទាំកុមារចំនួន ២៥៤កន្លែង ដោយមានកុមារ និងយុវជន ចំនួន ១១,១៧១នាក់ ស្រីចំនួន ៦,២១៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង មានកុមារជាង ៩ពាន់នាក់ផងដែរ។ សម្រាប់ការរស់នៅក្នុងមណ្ឌលនេះ កុមារសុទ្ធតែទទួលបានការស្នាក់នៅអប់រំ ចិញ្ចឹមបីបាច់ថែរក្សា និងការបង្កលក្ខណៈឲ្យបានរៀនសូត្រ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការធ្វើ សមាហរណកម្មចូលទៅក្នុងសហគមន៍ ក្នុងការទទួលបានភាពកក់ក្តៅដូចកុមារទូទៅផងដែរ។
ជុំវិញនឹងមណ្ឌលថែរក្សាកុមារនេះ មានមជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន៣ បានទទួលការជួយឧត្តម្ភ បន្ថែម ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន មណ្ឌលគៀនឃ្លាំង ទទួល បាន អង្ករ១២តោន ប្រាក់ ២៤លានរៀលនៅក្នុង១ឆ្នាំៗ មជ្ឈមណ្ឌលបារាំងហុងគ្រី ទទួលបានអង្ករ ១២តោន ប្រាក់ ១២លានរៀលក្នុង១ឆ្នាំៗ និងមជ្ឈមណ្ឌលកុលាបទី៤ ទទួលបានចំនួន ១២លានរៀលក្នុង១ឆ្នាំៗផងដែរ។
ក្រៅពីនោះការថែរក្សាកុមារកំព្រា និងកុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែរក្សា និងការផ្តល់សេវាឧត្តម្ភផ្សេងៗទៀត នៅក្នុងសហគមន៍ ដោយសាច់ញាតិ គ្រួសារ ធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និង តាមកម្មវិធីផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិផងដែរ។
យោងតាមរបាយការណ៍ បានឲ្យដឹងដែរថា ការងារស្មុំកូន កម្ពុជាបានអនុវត្តន៍ ការស្មុំកូនក្នុងប្រទេស ដោយបានសម្រួល និងជួយអន្តរាគមន៍ជូនឳពុកម្តាយធម៌ ដែលមានបំណងនាំកូនធម៌កម្ពុជា ទៅសម្រាកព្យាបាលជំងឺនៅក្រៅប្រទេសបានចំនួន ៥ករណី។ ចំណែកការស្មុំកូនអន្តរប្រទេស បានសហប្រតិបត្តិការ និងចុះកិច្ចព្រមព្រៀងស្តីពីការកំណត់ចំនួនទីភ្នាក់ងារជាមួយស្មុំកូនអន្តរប្រទេស មានប្រទេសអ៊ីតាលី រាជរដ្ឋាភិបាលតំបន់កាតាលីញ៉ូ ប្រទេសអេស្បាញ និងប្រទេសម៉ាល់តា ដោយបាន ទទួលរបាយការណ៍ស្តីពីការវិវឌ្ឍន៍របស់កូនសុំ ៣២ករណី ក្នុងនោះប្រទេសអ៊ីតាលី ១៤ករណី ម៉ាល់តា ៣ករណី អូទ្រីស ៤ករណី និងប្រទេសប៊ែលហ្សិក ១១ករណីផងដែរ៕