(កណ្ដាល)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ៣,៣៥០នាក់បានមកទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា-ហ្វីលីពីន នៅរាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ យប់មិញនេះ នាឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ តាមរយៈកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់នៅតាមមូលដ្ឋានចំនួន៥ទីតាំង នៅស្រុកល្វាឯម ជាមួយនឹងសម្រែកហ៊ោកញ្ជ្រៀវពោរពេញទៅដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព។

បើតាមលោក កន សុខកកាយ អភិបាលស្រុកល្វាឯមក្រោមការចង្អុលបង្ហាញពីលោកអភិបាលខេត្ត បង្គាប់ឲ្យមានការរៀបចំនៅទូទាំងខេត្តកណ្ដាលនៅមូលដ្ឋានរៀងៗខ្លួន ក្នុងនោះស្រុកល្វាឯមត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយបានរៀបចំដាក់ទូរទស្សន៍ខ្នាតយក្ស (LED) ដើម្បីចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ពីការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ជាមួយនឹងការបំពាក់ធុងបាស់សំឡេងកងរំពង។

លោកថា ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់បានបញ្ចេញមតិប្រហាក់ប្រហែលគ្នាថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយដែលរដ្ឋបាលខេត្តកណ្ដាល បានរៀបចំដាក់ទូរទស្សន៍ខ្នាតធំឱ្យពួកគាត់បានទស្សនាជុំគ្នាជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយ ស្រែកហ៊ោកញ្ច្រៀវ ជាពិសេសនៅពេលក្រុមកីឡាករទាត់បាល់បញ្ចូលទីម្ដងៗ។

សូមជម្រាបថា ទីតាំងទីតាំងទាំង៥ ក្នុងស្រុកល្វាឯមរួមមាន៖
១-នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ចំនួន៣,០៥៩នាក់
២-នៅកែងផ្សារកោះរះ ចំនួន៦៦នាក់
៣-នៅកែងវត្តជ្រៃបឹងគ្រុំ ចំនួន២៥០នាក់
៤-នៅកែងសាលាឃុំព្រែករៃ ចំនួន៩៦នាក់
៥-នៅសាលាបឋមសិក្សាបន្ទាយម្លូ ឃុំសំបួរ ចំនួន៨០នាក់។

គួរជម្រាបថា ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាប៉ះជាមួយក្រុមជម្រើសជាតិហ្វីលីពីន នាវេលាយប់មិញនោះ លទ្ធផល ១-១៕