(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ ក្មេង-ចាស់ ប្រុស-ស្រី ក្នុងខេត្តពោធិ៍សាត់ រាប់រយនាក់ នាព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បាននាំគ្នាចូលរួមលើកទឹកចិត្ត ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ តាមរយៈការទស្សនាលើកញ្ចក់ទូរទស្សន៍LEDជិតស្ពានថ្មថ្មី មុខសាលាខេត្ត, ផ្ទាំងសំពត់ស នៅលើបុរីវប្បធម៌កោះសំពៅមាស និងសួន១៤មករា ជាប់ផ្លូវលេខ១០១។

ឆ្លៀងក្នុងឱកាសនោះ គេសង្គេតឃើញមានវត្តមាន របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។

សូមជម្រាបជូនថា នាវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ មានការប្រគួត រវាងហ្វីលីពីន និងកម្ពុជា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានត្រឹមស្មើជាមួយហ្វីលីពីន ១-១ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃប្រកួតទី២ សម្រាប់ពូល A តាមរយៈលទ្ធផលនេះក្រុមកម្ពុជា រកបានត្រឹម ៤ពិន្ទុ បន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ស្ថិតក្នុងការប្រកួតវគ្គទី១ ក្រុមកម្ពុជា រកបាន ១គ្រាប់ធ្វើបានដោយកីឡាករ គី រីណា នាទី២៦ និងក្រុមហ្វីលីពីន ដោយកីឡាករ Carino នៅនាទី៩០+២ នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A សម្រាប់ក្រុមទាំងពីរ។ តាមរយៈលទ្ធផលនេះឃើញថាក្រុម U22កម្ពុជា នៅតែបន្តឈរកំពូលតារាង ក្រោយរកបាន ៤ពិន្ទុជាបណ្តោះអាសន្ន ក្រោយយកឈ្នះទីម័រខាងកើត និងស្មើជាមួយហ្វីលីពីន៕