(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា រៀងរាល់ថ្ងៃ៣ឧសភា ដែលជាទិវាសេរីភាពសារព័ត៌មានពិភពលោក គេតែងឮច្រើនជាងគេនូវពាក្យសារព័ត៌មានឯករាជ្យ ប៉ុន្តែលោកចោទថា លើកពិភពលោកនេះ តើប្រទេសណាមានសារព័ត៌មានឯករាជ្យ?

តាមរយៈបណ្ដាញសង្គម Facebook លោក ប៉ែន បូណា បានអបអរសាទរដល់ ទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភា ជាមួយនឹងការលើកឡើងដូច្នេះថា៖

«ជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃ៣ឧសភា គេតែងលឺរបាយការណ៍រិះគន់ស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសនេះ ប្រទេសនោះ ជាពិសេសប្រទេសតូចតាច និងទន់ខ្សោយ។ ពាក្យដែលគេលឺញឹកញាប់បំផុតគឺ "សារព័ត៌មានឯករាជ្យ"។

ប៉ុន្តែ តើអ្វីជាសារព័ត៌មានឯករាជ្យ? តើប្រទេសណាដែលមាន "សារព័ត៌មានឯករាជ្យ" ពិតប្រាកដសម្រាប់ធ្វើជាគំរូស្តង់ដារ?»

ជាមួយនឹងការលើកឡើងបែបនេះ លោក ប៉ែន បូណា ក៏បានបង្ហាញ រូបត្លុកដែលមានន័យរិះគន់សារព័ត៌មានលោកខាងលិចដែលជាមហាប្រទេសប្រជាធិបតេយ្យជឿនលឿនក្នុងលោក និងអំពាវនាវឲ្យប្រជាពលរដ្ឋសាធារណជនពិចារណាតាមការគួរ៕