(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានដាក់ចេញទិសដៅសហការ ជាមួយបណ្តាក្រសួងស្ថាប័ននានា ជំរុញទប់ស្កាត់ការលក់វត្ថុអនុស្សាវរីយ៍ ដែលក្លែងបន្លំគុណភាព ជូនភ្ញៀវទេសចរ សំដៅលើកកម្ពស់ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

តាមរបាយកាណ៍បូកសរុបការងារទេសចរណ៍ ដែលទើបបិទបញ្ចប់នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានឱ្យដឹងថា ក្រសួងទេស ចរណ៍ បាននិងកំពុងយកចិត្តទុកដាក់ លើការការងារគ្រប់គ្រង វត្ថុអនុស្សាវរីយ៍ ដោយបានដាក់ចេញវិធានការ និង បទដ្ឋានទ្រទ្រង់មួយចំ នួន ដើម្បីទប់ស្កាត់ការលក់វត្ថុអនុស្សាវរីយ៍ ក្លែងបន្លំគុណភាពជូនភ្ញៀវទេសចរណ៍ និង បង្កើនទំនុកចិត្តជូនពួកគេ ក្នុងការមកទស្សនាកម្ពុជា។ របាយការណ៍ បានឲ្យដឹងផងដែរថា ក្រសួងបានបញ្ចប់សេចក្ដីព្រាងស្ដង់ដារហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។

ដើម្បីជំរុញទប់ស្កាត់ការលក់វត្ថុអនុស្សាវរីយ៍ក្លែងបន្លំជូនភ្ញៀវឲ្យមានប្រសិទ្ធភាព ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងពាក់ព័ន្ធយ៉ាងជិតស្និទ ជាមួយក្រសួងពាណិជ្ជកម្ម, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងយុត្តិធម៌, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាគមពាណិជ្ជករត្បូងពេជ្រ និងគ្រឿងអលង្ការ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងទេសចរណ៍។

ក្រសួងបានបញ្ជាក់ដែរថា ដោយការអនុវត្តវិធានការទប់ស្កាត់នេះ បានធ្វើឱ្យការលក់វត្ថុអនុស្សាវរីយ៍ក្លែងបន្លំគុណភាព មានការថយចុះ គួរឱ្យកត់សម្គាល់។ សម្រាប់ទិសដៅការងារបន្ត ក្រុមការងារពាក់ព័ន្ធ បានត្រៀមអនុវត្តទប់ស្កាត់យ៉ាងតឹងរឹង ដើម្បីឆ្លើយតបនឹងទំនុកចិត្តរបស់ភ្ញៀវទេសចរ សំដៅទាក់ទាញកំណើនភ្ញៀវឱ្យបានច្រើនជាង ៧លាននាក់ នៅឆ្នាំ២០២០៕