(ភ្នំពេញ)៖ លោក Mahyeldi Ansharullah អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាឥស្សរជនទី៤ ដែលសាកលវិទ្យាល័យជាតិរបស់ឥណ្ឌូនេស៊ី ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស។
លោកអភិបាលខេត្តស៊ូម៉ាត្រាខាងលិច បានឱ្យដឹងបែបនេះនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួនោះ លោក Mahyeldi Ansharullah អរគុណសម្ដេចតេជោ ដែលបានយល់ព្រមទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សាស្ត្រ ពីរសាកលវិទ្យាល័យជាតិណេហ្គរី ប៉ាដាង។
លោកបន្តថា សាកលវិទ្យាល័យជាតិប៉ាដាង ទើបជូនសញ្ញាបត្របណ្ឌិតកិត្តិយសដល់ឥស្សរជនជាន់ខ្ពស់ចំនួន៤នាក់តែប៉ុណ្ណោះ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំកំពូល ឆ្លងកាត់បទពិសោធន៍ និងចូលរួមចំណែកយ៉ាងធំធេង មិនត្រឹមតែនៅក្នុងសង្គមជាតិទេ ប៉ុន្តែនៅលើពិភពលោកផងដែរ។
បើតាមលោក អ៊ាង សុផល្លែត បានឱ្យដឹងថា ក្នុងជំនួបនោះ លោក Mahyeldi Ansharullah បានសុំគោរពអញ្ជើញសម្ដេចតេជោ ទៅធ្វើបាឋកថា នៅសាកលវិទ្យាល័យជាតិប៉ាដាង ដែលមាននិស្សិតប្រមាណ៣ពាន់នាក់នៅចាំស្ដាប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Mahyeldi Ansharullah។ សម្តេចតេជោ មានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យជាតិប៉ាដាងដ៏ល្បីល្បាញ។
សម្ដេចតេជោ បានជម្រាបផងដែរថា នឹងពិនិត្យមើលកម្មវិធីជាក់ស្ដែង ដើម្បីទៅធ្វើបាឋកថា និងដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងប្រជាជននៃប្រទេសទាំងពីរផង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែឧសភានេះ សាកលវិទ្យាល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ី បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ» នេះ ដើម្បីជានិមិត្តរូបនៃការសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពកោតសរសើរចំពោះសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់លើបការង្កើតបរិយាបន្នសង្គម សន្តិភាព និងការរួមចំណែកផ្តល់ការគាំទ្រដ៏មានតម្លៃចំពោះក្រុមមូស្លីមនៅកម្ពុជា តាមរយៈការលើកកម្ពស់ការគោរព និងការពារសិទ្ធិសេរីភាពនៃជំនឿសាសនា និងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងការភាពអត់ឱនរវាងក្រុមសាសនាផ្សេងគ្នានៅកម្ពុជា។
សាកលវិទ្យាល័យ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយសម្តេចតេជោ ដែលសមស្របទៅនឹងគុណតម្លៃអប់រំរបស់សាកលវិទ្យាល័យ និងជាគំរូដ៏ពិសេមួយ។ សាកលវិទ្យាល័យជឿជាក់យ៉ាងមុតមាំថា ស្មារតី ជំហាន និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ នឹងចូលរួមចំណែកលើកទឹកចិត្ត និងបង្កើតនូវឥទ្ធិពលវិជ្ជមានកាន់តែខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេក្នុងសាកលវិទ្យាល័យណេហ្គរី ប៉ាដាង៕