(ភ្នំពេញ)៖ លោក Phallop Thaiarry ប្រធានអង្គការពុទ្ធសាសនិកពិភពលោក បានបង្ហាញក្តីរីករាយដែលបានផ្តល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ លោក Phallop Thaiarry បានគូសបញ្ជាក់ថា លោករីករាយដោយសារតែការផ្តល់គោរមងារនេះស័ក្តិសមបំផុតនឹងសម្តេចតេជោ ដែលបានប្រឹងប្រែងយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេស។ ជាពិសេសការធ្វើឱ្យសាសនាបានរស់ឡើងវិញនៅកម្ពុជា និងការធ្វើឱ្យមានសុខដុមនីយកម្មសាសនា។

លោក Phallop Thaiarry គូសបញ្ជាក់បន្ថែមថា អ្វីដែលសម្តេចតេជោ បានធ្វើមិន​ត្រឹម​តែជួយដល់កម្ពុជានោះទេ ប៉ុន្តែជួយដល់មនុស្សជាតិលើពិភពលោកផងដែរ។ កិច្ចការនេះ ចាំបាច់ត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រតាមរយៈគោរពជូន​សម្ដេចតេជោ នូវគោរមងារខាងលើនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការទទួលបានគោរមងារនេះ គឺជា​កិត្តិ​យសណាស់ ហើយក៏ជាមោទនភាពណាស់ដែរ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា នឹងខិតខំថែមទៀត ​ដើម្បីលើកស្ទួយវិស័យសាសនាផង និងធ្វើសុខដុមនីយកម្មសាសនាផង មិនត្រឹមតែរវាងព្រះពុទ្ធសាសនាទេ ប៉ុន្តែរវាងសាសនាដទៃទៀត៕