(ភ្នំពេញ)៖ ខ្សែភាពយន្តថ្មីមួយទៀត របស់​ផលិតកម្ម មហាហង្ស មានចំណងជើងថា «សួស្ដីលោកគ្រូកំឡោះ» ដែលបានរៀបចំកម្មវិធី​ក្រុងពាលីថតជាផ្លូវការ នាព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ នឹងត្រៀមខ្លួនចូលរួម​​ប្រកួតប្រជែងកម្មវិធី មហោស្រពភាពយន្ត​ប្រចាំឆ្នាំ២០១៧ ខាងមុខនេះ បន្ទាប់ពីរឿងនេះ​ថតចប់រួចរាល់ និងត្រូវបានដាក់​បញ្ចាំង​ជាផ្លូវការ។ នេះជាការបង្ហាញ​មហិច្ឆតាថ្មី​​មួយទៀត របស់ផលិតកម្ម​មហាហង្ស ក្រោយពីទទួលបាន​ជោគជ័យ​ជាបន្តបន្ទាប់ ក្នុងការផលិតរឿង ទាំងរឿងភាគ និង​រឿង​ដុំ ដាក់បញ្ចាំង​​នៅ​ក្នុងទីផ្សារ​ភាពយន្តខ្មែរ។

ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៉ិន សុភិន បានថ្លែងប្រាប់​នៅក្នុងពិធីក្រុងពាលី ចេញថតរឿង «សួស្ដីលោកគ្រូកំឡោះ» កាលពីព្រឹកមិញនេះ ថា រឿង​«សួស្ដីលោកគ្រូកំឡោះ» ដែលលោក​កំពុងតែ​ផលិតឡើងនេះ នឹងត្រៀមដាក់ចូលប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍មហោស្រព ភាពយន្តនាឆ្នាំក្រោយនេះ (ឆ្នាំ២០១៧) ពីព្រោះរឿងនេះ លោកបាន​សម្រិតសម្រាំងឡើង យ៉ាងយកចិត្តទុកដាក់​ជាទីបំផុត ដើម្បីឲ្យមានគុណភាពខ្លាំង​ជាងរឿងមុនៗ។

លោកនិយាយថា​« រឿង ​សួស្ដីលោកគ្រូកំឡោះ​ គឺខ្ញុំបានឲ្យអ្នកដឹកនាំសម្ដែង​ជើងចាស់ម្នាក់​ ជួយដឹកនាំសម្ដែង គឺលោក ទិត ធារិទ្ធ ដែលលោកធ្លាប់ដឹកនាំសម្ដែង ក្នុងរឿង អ្នកនាងម្ចាស់ឡឺកឺ ហើយរឿង អ្នកនាងម្ចាស់ឡឺកឺ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង​ ក្រោយពេលខ្ញុំដាក់បញ្ចាំង។ ដូច្នេះរឿងនេះ ខ្ញុំបានឲ្យគាត់មកដឹកនាំសម្ដែងទៀត គឺជឿជាក់ថា នឹងកាន់តែល្អទ្វេដង ហើយនឹងខ្លាំង​ជាងរឿង អ្នកនាងម្ចាស់ឡឺកឺ !»។

លោក អ៉ិន សុភិន បានបន្តថា រឿង «សួស្ដីលោកគ្រូកំឡោះ» ជាប្រភេទរឿងកំប្លែង កាច់កុងឌឺដង និងមនោសញ្ចេតនា ជាពិសេស​គឺផ្ដោតសំខាន់លើការអប់រំច្រើន ហើយតួសម្ដែងក៏សុទ្ធតែ កំពុងមាន​ទីផ្សារគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។ ចំពោះមូលហេតុដែលលោក​ សម្រេចចិត្តជ្រើសរើសយករឿង​ «សួស្ដីលោកគ្រូកំឡោះ» ដើម្បីចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្ត ព្រោះតែរឿងនេះ មានសាច់រឿងល្អជាងមុន និងមានការអប់រំច្រើន ក្នុងសង្គមរស់នៅរបស់សិស្សានុសិស្ស ជាពិសេសការសិក្សារបស់យុវវ័យ ហើយក៏ប្រមូលផ្ដុំដោយអ្នកដឹកនាំ និងនិពន្ធមានស្នាដៃល្អៗ ទើបជាហេតុលោកសម្រេច​បែបនេះ ។

ម្យ៉ាងវិញទៀត តួសម្ដែងក្នុងរឿងនេះ ក៏សុទ្ធតែមានទេពកោសល្យ និងមានទីផ្សារខ្ពស់ក្នុងពិភពសម្ដែង ដូចជាតួឯក គឺអ្នកនាង សុខ សោម៉ាវត្តី និងលោក ជា សុវណ្ណនរាហ៍ ហើយក៏មានការបង្ហាញវត្តមាន​ជាលើកដំបូង ចូលមកក្នុងផលិតកម្ម មហាហង្ស ពីសំណាក់តារាកំប្លែង នាយ ពាក់មី និង​នាយគ្រឿន អ្នកនាង ប៉េងប៉ោង ដែលកាន់តែធ្វើឲ្យសាច់រឿង អស្ចារ្យទ្វេដង។

សូមបញ្ជាក់ថា រឿង​ «សួស្ដីលោកគ្រូកំឡោះ»​ ក្រៅពីតារាសម្ដែងខាងលើនេះ ក៏មានវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀតដូចជា អ្នកនាង ខ្ញុង, កញ្ញា នីឡា, កញ្ញា ម៉ៅ គឹមធីតា, លោក ងួន សុបិន, លោក អូន ឧស្សាហ៍, លោក លឹម រដ្ឋា, កញ្ញា ផាន់ ផាផួង, កញ្ញា យ៉ែម ស្រីពេជ្រ, លោក ផាត់ គង់, លោក ស្រេង វណ្ណ ព្រមទាំងតារាកិត្តិយស​ ជាច្រើនដួងទៀត៕