(ភ្នំពេញ)៖ លោក ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ បានបង្ហាញការយល់ឃើញថា ភាពដូចគ្នានៃការគោរពប្រតិបត្តិចំពោះព្រះពុទ្ធសាសនា នឹងជាចំណែកមួយជួយឱ្យទំនាក់ទំនង រវាងកម្ពុជា និងនេប៉ាល់ កាន់តែល្អប្រសើរ។
ប្រធានរដ្ឋសភានេប៉ាល់ លើកឡើងបែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ទីមីលស៊ីណា ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោ ដែលទទួលបានគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។
លោក ក៏បានបង្ហាញក្តីរីករាយ បានមកកាន់កម្ពុជាសារជាថ្មី ដើម្បីពង្រីកពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ និងជាពិសេសលើវិស័យដែលប្រទេសទាំងពីរ បានចុះហត្ថលេខាព្រមព្រៀងជាមួយគ្នារួចហើយនោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រធានរដ្ឋសភានេប៉ាល់ ដែលបានអញ្ជើញចូលរួមក្នុងពិធីទទួលគោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» និងសម្ដែងការអបអរសាទរជូនសម្ដេច។
សម្ដេចតេជោ បានលើកឡើងថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួលគោរមងាខ្ពស់បំផុតទាក់ទងនឹងព្រះពុទ្ធសាសនា ហើយក៏ជាមោទនភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្ត ហើយពេលនេះ ត្រូវបានទទួលស្គាល់ ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឯកភាពនឹងប្រធានរដ្ឋសភា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈជំរុញការអនុវត្តលើវិស័យទាំងឡាយ ដែលបានព្រមព្រៀងគ្នារួចហើយ ដោយឈរលើមូលដ្ឋាន ដែលប្រទេសទាំងពីរមានដូចគ្នានោះ៕