(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុប នៅឆ្នាំ២០១៦នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ ជាមួយបេក្ខជនប្រមាណ ៩៣,៧៥២នាក់។ នេះបើតាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែកក្ក ដា ឆ្នាំ២០១៦នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងបានឲ្យដឹងថា បាក់ឌុបឆ្នាំនេះ មាន ១៥៧មណ្ឌល ចែកចេញជា ៣,៧៨១បន្ទប់។ ទាំងចំនួនបេក្ខជន និងមណ្ឌលប្រឡងនៅឆ្នាំនេះ មានការកើនឡើងច្រើន បើធៀបនឹងឆ្នាំកន្លងទៅ។
បើតាមការបញ្ជាក់របស់ក្រសួងមណ្ឌលប្រឡងនៅឆ្នាំនេះ កើនឡើងប្រមាណ ៣០មណ្ឌល បើធៀបឆ្នាំ២០១៥។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំបានឲ្យដឹងថា ការប្រឡងនេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និង ខេត្តកណ្ដាល និងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់ប្រឡងនៅខេត្តផ្សេងៗទៀត។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូនណារ៉ុន ធ្លាប់បានឲ្យដឹងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងបន្តរឹតបន្តឹងវិន័យ ដូចការប្រឡងក្នុងឆ្នាំ២០១៥ ដដែល ដោយសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និង សណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឱ្យអង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួម សង្កេតការណ៍ផងដែរ។ លោករដ្ឋមន្រ្តីថា ការប្រឡងនៅតែឈរលើជំហរ បន្តរឹតបន្តឹងដូចឆ្នាំមុនដដែល ដោយឈរលើគោលការណ៍ ៤ចំណុច គោរពច្បាប់ តម្លាភាព យុត្តិធម៌ និង សុចរិតភាព។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សិស្សត្រៀមប្រឡងបាក់ឌុបទាំងអស់ ខិតខំរៀនសូត្រ ព្រោះក្រសួងនឹងឱ្យធ្លាក់ជាស្វ័យប្រវត្តិ ចំពោះបេក្ខជនមិនគោរពច្បាប់ និងនីតិវិធីប្រឡង។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់បាក់ឌុបមានសរុបជិត ៥ម៉ឺននាក់ ក្នុងចំណោមសិស្សប្រឡងជាង ៨ម៉ឺននាក់ ដែលមានអត្រាជាប់ជិត ៥៦ភាគរយ។ ចំណែកការប្រឡងកាលពី ឆ្នាំ២០១៤ កាលពី ឆ្នាំ២០១៤ គឺមានការប្រឡងចំនួន២លើក ក្នុងការប្រឡងបាក់ឌុបលើក ទី១ មានបេក្ខជនប្រឡងជាប់តែចំនួន ២៣១២៦ នាក់ប៉ុណ្ណោះ ដែលស្មើនឹង ២៥,៧២ ភាគរយនៃចំនួន បេក្ខជនចូលរួមប្រឡង សរុបចំនួន ៨៩,៩៣៧ នាក់ហើយ ការប្រឡងនេះមានសិស្សជាប់និទ្ទេស «A» ត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។ ចំណែកឯការប្រឡងលើកទី២ មានសិស្សប្រឡងជាប់ចំនួន ១៧,៩៤ ភាគរយ ក្នុងចំណោមបេក្ខជនដែលប្រឡងសរុបជាង ៦៨,០០០ នាក់៕