(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចូលរួមជាអធិបតីជាមួយលោក ហ្សង់ ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក្នុងទិវាជាតិរបស់បារាំង នៅស្ថានទូតបារាំង ប្រចាំនៅកម្ពុជា នារាត្រីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានរំឭកពីឃ្លារបស់ឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល ថ្លែងនៅភ្នំពេញ កាលពី៥០ឆ្នាំមុន គឺសូមជូនពរ «មិត្តភាពដ៏រស់រវើកនៃរដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសយើងទាំងពីរ កម្ពុជា-បារាំង» នៅថ្ងៃទិវាជាតិបារាំងនេះ ផងដែរ។
ថ្លែងក្នុងពិធីផ្លូវការ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ កម្ពុជា-បារាំង គឺមានតាំងពីយូរណាស់មកហើយ ហើយបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រវត្តិសាស្រ្ត ដែលមានអាយុកាលជាង ១៥០ឆ្នាំ គិតមកទល់ពេលនេះ។ លោកបានលើកឡើងបន្ថែមថា បន្ទាប់ពីមាន សោកនាដកម្មដ៏ធំធេង ក្នុងអំឡុងទសវត្សឆ្នាំ៧០ និងការឈឺចាប់ឯកោរបស់កម្ពុជានៅក្នុងទសវត្ស បន្ទាប់មកទៀត ប្រទេសបារាំង បានរួមចំណែកយ៉ាងសំខាន់ ក្នុងការស្វែករកដំណោះស្រាយនយោបាយនៅកម្ពុជា នៅដើមទសវត្សឆ្នាំ៩០។
លោកក៏បានរំឭកផងដែរ ពីអនុស្សាវរីយ៍ ដ៏មានតម្លៃដែលលោកបានអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងការចរចា សន្តិភាព នៅ «Fére en Tardenois» ដែលជាទីជំនួបរវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះនរោត្តមសីហនុ ដែលមានការសម្របសម្រួលជាវិជ្ជមាន របស់អតីតរដ្ឋមន្រ្តីការបរទេសបារាំង រ៉ូឡង់ ឌុយម៉ាស និងលោក ហ្សង់ ដាវីត ឡឺវីត ដែលកាលនោះ ជាថ្នាក់ដឹកនាំនាយកដ្ឋានអាស៊ី នៃក្រសួងការបរទេសបារាំង។
ភ្ជាប់នឹងប្រវត្តិនៃទំនាក់ទំនងលើវិស័យនយោបាយ លោក ចម ប្រសិទ្ធ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការនានា រវាងកម្ពុជា និងបារាំងលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ វប្បធម៌ អប់រំ ការពង្រឹងនីតិរដ្ឋ កសិកម្ម ការអភិវឌ្ឍទីក្រុង សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត វាយនភណ្ឌ ទេសចរណ៍។ល។
នៅចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធពរដល់ប្រទេស និងប្រជាជនបារាំង សម្រាប់ការប្រារព្ធទិវាជាតិបារាំង ១៤ កក្កដា ហើយបានរំឭកនូវពាក្យដែលលោក ឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល បានថ្លែងនៅទីក្រុងភ្នំពេញ កាលពី ៥០ឆ្នាំមុន គឺសូមជូនពរ «មិត្តភាពដ៏រស់រវើកនៃរដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទាំងពីរ កម្ពុជា-បារាំង»៕