(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រសួងកសិកម្ម នឹងចាប់ផ្តើមសហការជាមួយក្រសួងប្រៃសណីយ៍ និងគមនាគន៍ បញ្ចូលបច្ចេកវិទ្យាឌីជីថល នៅក្នុងវិស័យកសិកម្ម ដើម្បីជួយដល់ប្រជាកសិករ ក្នុងការយល់ដឹងពីបច្ចេកទេសកសិកម្ម និងស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម នៅលើថ្នាលបច្ចេកវិទ្យា។
លោក ឌិត ទីណា ថ្លែងបែបនេះធ្វើឡើងក្នុងពិធីចុះហេត្ថលេខាលើអនុស្សរណៈ នៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត រវាងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។
លោក ឌិត ទីណា បានឱ្យដឹងថា ក្រសួងនឹងរៀបចំជាអែប (App) មួយដែលមានលក្ខណៈងាយស្រួល សម្រាប់កសិករប្រើប្រាស់ ដោយអែបនោះ មាននឹងដាក់បញ្ចូលនូវព័ត៌មានបច្ចេកទេសដាំដុះ ការណែនាំមួយចំនួន នូវការអនុវត្តកសិកម្មល្អ ការណែនាំពីវិធីក្នុងការដាក់ជី ការប្រើប្រាស់ថ្នាំកសិកម្មផ្សេងៗ ដើម្បីឱ្យកសិករអនុវត្ត។ ជាមួយគ្នានេះ កសិករក៏អាចថតរូប ឬវីដេអូ ដាក់បញ្ចូលក្នុងអែបបង្ហាញពីការដាំដុះ ផលិតផលដែលពួកគាត់ត្រៀមដាំ ឬប្រមូលផលផងដែរ។
លោកបន្ថែមថា «យើងនឹងធ្វើការជាមួយមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍន៍នូវប្រព័ន្ធឌីជីថលមួយ បម្រើឱ្យទាំងអស់គ្នានៅក្នុងវិស័យកសិកម្ម។ ផ្អែកលើផ្នែកនេះហើយ បានយើងចាប់ផ្តើមធ្វើការជាមួយគ្នា ដោយមានការទុកចិត្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយសម្រួលរហូតទៅដល់កសិករយើងអាចប្រើប្រាស់បាន»។
លោកថា បច្ចុប្បន្ននេះ កសិករកម្ពុជាមានការប្រើប្រាស់ស្មាតហ្វូន និងប្រើប្រាស់បណ្តាញសង្គមច្រើន ហេតុនេះហើយពួកគាត់ក៏អាចប្រើប្រាស់ អែប (App) ដែលបង្កើតឡើងនេះ ដើម្បីជួយដល់ពួកគាត់ក្នុងការដាំដុះ និងស្វែងរកទីផ្សារផងដែរ។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានកត់សម្គាល់ថា បច្ចុប្បន្ននេះពលរដ្ឋកម្ពុជា មានចំណេះដឹងច្រើន លើការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសកម្មវិធីដែលផ្តល់ប្រយោជន៍ដល់ពួកគាត់ ដែលធ្វើឱ្យពួកគាត់កាន់តែឆាប់ទទួលបាន។
លោកបន្តថា នៅពេលខាងមុខ ក្រសួងទាំងពីរក៏នឹងមានគម្រោងបង្កើតផ្សារកសិកម្មមួយ នៅក្នុងទីរួមខេត្តនីមួយៗ ដែលមានទាំងអ្នកលក់បែបប្រពៃណី និងអ្នកលក់បែបអនឡាញ នៅលើថ្នាលបច្ចេកវិទ្យា ដែលកត្តានេះនឹងជួយកសិករបានច្រើន ក្នុងលក់ផលិតផលកសិកម្មរបស់ខ្លួន។
ជាមួយគ្នានេះ លោក ជា វ៉ាន់ដេត បានឱ្យដឹងផងដែរ នៅប្រមាណ២ខែខាងមុខក្រសួងនឹងដាក់នូវឯកសំខាន់ៗ ដែលជាគោលដៅនៃការសុំ QR Code ដើម្បីផ្តល់ភាពងាយស្រួល ដល់ការនាំចេញទំនិញកសិកម្ម ទៅកាន់ប្រទេសនានាផងដែរ៕