(ស្វីស)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ថ្មី លោក Gianni Infantino នឹងចូលបំភ្លឺនៃអំពើករណីពុករលួយក្នុងអង្គភាពមួយនេះ ក្នុងបទសម្ភាសន៍របស់ក្រុមប្រឹក្សា គណៈកម្មាធិការ FIFA នារាត្រីថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង Zurich ប្រទេសស្វីសតែម្តង។
សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស BBC បានផ្សាយឲ្យដឹងថ្ងៃសុក្រ ទី១៥ ខែកក្កដានេះថា បុរសវ័យ៤៦ឆ្នាំ ជនជាតិស្វីស Infantino នឹងត្រូវជួបសម្ភាសន៍ផ្ទាល់ជាមួយលោក Robert Torres និងសមាជិកជាច្រើនទៀតរបស់ FIFA នារាត្រីនេះ ជុំវិញរឿងអាស្រូវនានាពុករលួយនានា ដែលបានកើតក្នុងស្ថាប័នដែលមិនគិតពីប្រាក់កំរ៉ៃមួយនេះ នាពេលកន្លងមក ហើយប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ FIFA នឹងបើកការស៊ើបអង្កេតទៅលើលោក Infantino មុនឈានដល់ការព្យួរមុខតំណែងដែលមានរហូតដល់ ៩០ថ្ងៃ (៣ខែ)។
សូមបញ្ជាក់ផងដែរថា ចំណុចដែលគួរឲ្យចាប់អារម្មណ៍ មុនឈានដល់ការកោះអញ្ជើញប្រធាន FIFA បច្ចុប្បន្ន មកធ្វើការស្រាយបញ្ជាក់នេះដែរ ក្រោយពេលទទួលបានរបាយការណ៍ថា លោក Infantino បានប្រើប្រាស់យន្តហោះ ផ្ទាល់ខ្លួន (Jet) ក្នុងការធ្វើដំណើរទៅទស្សនកិច្ចពីការសាងសង់ពហុកីឡដ្ឋាននានាសម្រាប់ World Cup 2018 នៅរុស្ស៊ី និង World Cup 2022 នៅប្រទេសកាតា ពេលថ្មីៗនេះ។
លើសពីនេះទៅទៀត អតីតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA រូបនេះ ក៏បានទិញពូកដេក តម្លៃ ៨៧៩៥ផោន, ទិញម៉ាស៊ីនហាត់ប្រាណ ៦៨២៩ផោន, អាវរាសីសម្រាប់បុរស (Tuxedo) តម្លៃ ១០៨៦ផោន, ផ្កា ៦៧៧ផោន និងម៉ាស៊ីនបោកគក់ផ្ទាល់ខ្លួន តម្លៃ ១៣២ផោន ទៀតផង។
សូមរំលឹកផងដែរថា លោក Gianni Infantino ដែលអាចនិយាយបាន ៥ភាសាយ៉ាងស្ទាត់ជំនាញរួមមាន បារាំង អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី រួមទាំងភាសាអារ៉ាប់ទៀតនោះ ត្រូវបានបោះឆ្នោតឲ្យឡើងកាន់តំណែងជា ប្រធាន FIFA កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ជំនួសកៅអីលោក Sepp Blatter វ័យ៨០ឆ្នាំ ដែលជាជនជាតិស្វីសដូចគ្នា៕