(ប៉េកាំង)៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បានរីកចំរើនក្នុងកម្រិត ៦,៧ ភាគរយបន្ថែមទៀត សម្រាប់ត្រីមាសទីពីរនៃឆ្នាំ ២០១៦ នេះ ដែលវាជាអត្រាល្អមួយបន្តពីត្រីមាសទី១ និងលើសពីការរំពឹងទុកផងដែរ ខណៈរដ្ឋាភិបាលកំពុងតែអនុវត្ត គោលនយោបាយជម្រុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាបំផុត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦។
អ្នកជំនាញខាងវិភាគសេដ្ឋកិច្ចរបស់ Reuters បានរំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងដល់ ៦,៦ ភាគរយនៅក្នុងត្រីមាសទីពីរ នឹងកើនឡើង ១,៨ភាគរយពីត្រីមាសមុន ដែលវាក៏បានបង្ហាញពីសញ្ញាវិជ្ជមានលើសពី ការព្យាករណ៍ផងដែរ។ ដោយឡែកការចាកចេញពីអឺរ៉ុប ដោយចក្រភពអង់គ្លេស ដែលជាដៃគូពាណិជ្ជកម្មសំខាន់របស់ ចិននោះ ក៏មិនមានផលប៉ះពាល់អ្វីជាដុំកំភួនដែរ តែបែរជាធ្វើឲ្យមហាយក្សសេដ្ឋកិច្ចទីពីរលើលោកមួយនេះ ប្រុងប្រៀបខ្លួនបានប្រសើរជាងមុន ដើម្បីដោះស្រាយហានិសភ័យនានា។
ទោះបីជាភាពវិជ្ជមានកំពុងបង្កើតភាពរីករាយសម្រាប់សេដ្ឋកិច្ចក្តី ក៏អ្នកវិភាគបានព្រមានផងដែរថា ប្រទេសចិនត្រូវតែ មានដំណោះស្រាយបន្ថែមទៀត ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃវិនិយោគិនឯកជន ដែលវានឹងតម្រូវឲ្យរដ្ឋាភិបាល ធ្វើការលើកលែងមួយចំនួនធំ ដើម្បីទាក់ទាញឲ្យមានការវិនិយោគប្រកបដោយស្ថិរភាពដដែល៕