(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើរបស់ប្រជាការពារខណ្ឌ ដែលកន្លងមកបានដេញឃាត់ រថយន្តយ៉ាងអនាធិបតេយ្យ តាមទំនើងចិត្តជំរិតទារលុយ ២០ម៉ឺនរៀល ក្នុងមួយរថយន្ត ដោយមិនចេញវិក្កយបត្របង់ប្រាក់ និងគម្រាមយករថយន្តទៅខណ្ឌបើមិនបង់លុយ ដែលនេះជាទង្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ក្រោមការដឹកនាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៦០ (អំពីសមត្ថកិច្ច និងសិទ្ធិអំណាចរបស់មន្រ្តីអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក) គឺមានតែមន្រ្តីមកពីក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពនគរបាល និងកងរាជអាវុធហត្ថ ដែលទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍តែប៉ុណ្ណោះ ដែលមានសិទ្ធិឃាត់ និងពិន័យអន្តរការណ៍។ ប៉ុន្តែទង្វើរបស់ប្រជាការពារខណ្ឌកន្លងមក គ្មានច្បាប់ណាមួយ ដែលប្រជាការពារខណ្ឌ មានសិទ្ធិឃាត់មធ្យោបាយគ្រប់ប្រភេទលើដងផ្លូវ ដែលនេះជាទង្វើខុសច្បាប់ទាំងស្រុង ព្រោះខ្លួនមិនមែនជាសមត្ថកិច្ច និងគ្មានភារកិច្ច និងសិទ្ធិអំណាចស្របតាមច្បាប់។
ប្រជាពលរដ្ឋរាជធានីភ្នំពេញ សំណូមពរសម្តេចក្រឡាហោម ជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលប្រជាការពារខណ្ឌ ឃាត់រថយន្តជំរិតទាលុយ មិនចេញវិក្កយបត្របង់ប្រាក់ និងសូមឲ្យសមត្ថកិច្ច អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យត្រឹមត្រូវ៕