(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ្គានេស ប្រាសាដ ធីមីលស៉ីណា ប្រធានរដ្ឋសភាប្រទេសនេប៉ាល់ ក្នុងឱកាសដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

លោក ហ្គានេស ប្រាសាដ ធីមីលស៉ីណា នាព្រឹកមិញនេះ ក៏បានអញ្ជើញចូលរួមក្នុងពិធីគោរមងារ «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhist – The WFB» និង «បណ្ឌិតកិតិ្តយសផ្នែកមនុស្សសាស្រ្ត» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងពិធីប្រគល់គោរមងារជា «ទីប្រឹក្សាជាន់ខ្ពស់» នៃអង្គការពុទ្ធសាសនិកពិភពលោក (WFB) ជូននាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត។

មុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែននោះ, លោក ហ្គានេស ប្រាសាដ ធីមីលស៉ីណា ក៏បានចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ៕