(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត ជាច្រើននាក់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៦នេះ បានបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ (ចែករំលែកជីវិត សូមបរិច្ចាកឈាម) ជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ផ្តល់ជូន ដល់មន្ទីរពេទ្យនានានៅទូទាំងប្រទេស ដែលកំពុងខ្វះឈាម ដើម្បីជួយសង្គ្រោះបន្ទាន់នូវជីវិតអ្នកជំងឺ និងអ្នករបួសធ្ងន់ធ្ងរជាពិសេស អ្នកគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវការឈាមជាចាំបាច់។
លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ និងជាលើកទី៣ហើយដែលបុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ចំនួន៣៣៥នាក់បានស្ម័គ្រចិត្តចុះឈ្មោះបរិច្ចាកឈាម ដែលក្នុងនោះមានចាប់ពីតាំងពីថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់បុគ្គលិក កម្មករ កម្មការិនី បានផ្តើមបរិច្ចាគឈាមរួមជាមួយនឹងបងប្អូន ក្រុមគ្រួសារញ្ញាតិមិត្តនៃអ្នកជំងឺដែលកំពុងត្រូវ បានសង្រ្គោះនិងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកនោះដែរ។
លោកបន្តថា ការបរិច្ចាគឈាមនេះ មិនមែនធ្វើទៅដោយម្នាក់ឯងបាននោះទេ គឺត្រូវរួមសាមគ្គីគ្នា ក្នុងការបរិច្ចាគឈាមជួយដល់អ្នក រងគ្រោះនៅទូទាំងប្រទេស។
ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមបានថ្លែងថា «សព្វថ្ងៃនេះយើងមិនទាន់មាន ឈាមគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ ដោយសារតែក្នុងមួយថ្ងៃគ្រាន់តែនៅ រាជធានីភ្នំពេញ ត្រូវការឈាមចន្លោះពី ៨០ទៅ១០០ប្លោក សម្រាប់ជួយសង្គ្រោះ ជនរងគ្រោះផ្សេងៗហើយទូទាំងប្រទេសត្រូវការ ឈាមប្រមាណ១៥០ប្លោក រៀងរាល់ថ្ងៃ។ ដូចនេះយើងត្រូវការឈាម បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់»។
លោក ហុក គឹមចេង បានជំរុញនិងអំពាវ ទៅកាន់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគឈាម មកដល់អង្គភាពរបស់លោក ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះពិតជាបានចូលរួម ចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។
លោកប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួម ចំណែកពីសប្បុរសជនទាំងឡាយនោះ មជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាម ដោយខ្លួននោះឡើយដូច្នេះការចូលរួមរបស់បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង។
លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមនិងបុគ្គលិកកម្មករដែលបាន បរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះ ដល់ជនរងគ្រោះ ដែលត្រូវ ការឈាមជាចាំបាច់នោះ៕