(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំកិច្ចការពារសុវត្ថិភាព សន្តិសុខ ក្នុងពិធីច្រត់ព្រះនង្គ័ល និងពិធីដង្ហែព្រះអគ្គីកីឡា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និង៥ និងពិធីច្រត់ព្រះនង្គ័លនៅថ្ងៃទី៨ ខែឧសភា ខាងមុខនេះ។

ពិធីនេះមានការចូលរួមពីអាជ្ញាធរក្រុង ស្រុកទាំង៦ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទផងដែរ។ ក្នុងកិច្ចការពារសុខសុវត្ថិភាពក៏ដូចជាការរៀបចំសម្រាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ស្រុកស្ទោង និងខេត្តសៀមរាបរហូតទៅដល់ព្រំប្រទល់ស្រុកតាំងគោក និងខេត្តកំពង់ចាម និងទីតាំងសំខាន់ៗទៀត។

នៅក្នុងកិច្ចប្រជុំនោះដែរលោក សុក ហៃ បានលើកឡើង និងស្នើឱ្យកងកម្លាំងទាំងអស់ទៅយកចិត្តទុកដាក់គ្រប់ទីកន្លែងប្រជុំជន និងកន្លែងព្រះសង្ឃប្រោះព្រំត្រូវធ្វើការបិទផ្លូវ ចំពោះទីតាំងប្រារព្ធពិធី និងទីតាំងក្នុងវត្តកំពង់ធំ ត្រូវប្រគល់ជូនស្នងការនគរបាលខេត្តកំពង់ធំ និងកងរាជអាវុធហត្ថខេត្តម្ចាស់ការទទួលខុសត្រូវទាំងស្រុង។

លោកស្នើឱ្យរថយន្តសឺរែននាំមុខរថយន្តក្រុងស្រុក ចំពោះនៅថ្ងៃទី៤ ត្រូវជម្រាបជូនទៅដល់ប្រជាពលរដ្ឋ មន្ត្រីរាជការត្រូវចូលគោលដៅឱ្យបានមុន ដូចជាស្រុកស្ទោង ស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន ដោយឡែកនៅថ្ងៃទី៥ មានក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកទាំងគោក ហើយគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ត្រូវធ្វើជាម្ចាស់ការ និងភាពទទួលខុសត្រូវខ្ពស់ជាពិសេសធ្វើយ៉ាងណាឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

លោក សុក ហៃ ជំរុញឱ្យអាជ្ញាធរផ្សព្វផ្សាយប្រជាពលរដ្ឋត្រូវតុបតែងកែលម្អដោយដោតទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្ររៀបចំតុបតែងឱ្យមានសោភ័ណភាព និងបរិស្ថានបានស្អាត ម្យ៉ាងវិញទៀតត្រូវរៀបចំទីកន្លែងទុកដាក់រថយន្ត និងម៉ូតូឱ្យបានត្រឹមត្រូវចៀសវាងគ្មានសណ្ដាប់ធ្នាប់ និងមានការកកស្ទះជាដើម៕