(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានធ្វើការបំផ្លាញចោលសាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ នំចម្រុះ និងគ្រឿងសម្អាង សរុបប្រមាណ៧,០០៧គីឡូក្រាម។

ការបំផ្លាញចោលនេះត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីមន្ត្រី នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ការរិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអជ្ញាធរខណ្ឌដង្កោ។

លោកអគ្គនាយករង ក.ប.ប. បានឲ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ នៅតាមបណ្តាទីតាំងស្តុកទុក ចែកចាយផលិតផល សាច់សត្វស្រស់ បង្កក ម្ហូបអាហារ គ្រឿងសម្អាង ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ ផលិតផលហួសកាលបរិច្ឆេទ ខូចគុណភាព គ្មានសុវត្ថិភាព និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុកជាដើម។

លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានបញ្ជាក់ថា ផលិតផលខូចគុណភាព គ្មានសុវត្ថិភាព កង្វះអនាម័យ និងមិនមានភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេស សម្រាប់អ្នកប្រើប្រាស់ ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. បង្ក្រាបបានក្នុងប្រតិបត្តិការចុះត្រួតពិនិត្យតាមបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កក ហាងលក់ទំនិញ ម៉ាតនៅក្នុងរាជធានីភ្នំពេញ នារយៈពេលកន្លងមក រួមមាន៖

* សាច់បង្កក ១៩៣កេស ស្មើនឹង៣,៧៤០គីឡូក្រាម
* សាច់ហេម ៤កេស ស្មើនឹង១៣០គីឡូក្រាម
* នំចម្រុះ ស្មើនឹង២,៨៣៣គីឡូក្រាម
* គ្រឿងសម្អាង ស្មើនឹង២២០គីឡូក្រាម
* គ្រឿងក្នុងមាន់ទា ៨៤គីឡូក្រាម
សរុប៧,០០៧គីឡូក្រាម។

សូមបញ្ជាក់ថា លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់បទបញ្ជាដល់មន្រ្តីក្រោមឱវាទ ឲ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យនិងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឲ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផល ម្ហូបអាហារ ប្រភេទសាច់សត្វ ស្រស់ បង្កក និងផលិតផល អំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និងត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវស្រប ទៅតាមលក្ខខណ្ឌតម្រូវ នៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅតាមច្បាប់ និងទបប្បញ្ញត្តិជាធរមាន៕