(ភ្នំពេញ)៖ លោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកទៀន វស្សា ប្រគេនដល់វត្តចំនួន៤ ក្នុងស្រុកកៀនស្វាយ ដែលពិធីនេះបានរៀបចំរធ្វើឡើងនៅវត្តកោះប្រាក់ ឃុំភូមិធំ។
ប្រធានក្រុមការងារចុះជួយ ការងារឃុំដីឥដ្ឋនិងឃុំភូមិធំ លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា វត្តទាំង៤រួមមាន រួមមាន វត្តកោះប្រាក់ វត្តកោះប្រាក់ចាស់ វត្តកៀនស្វាយក្រៅ និងវត្តព្រះពុទ្ធអណ្តែតរាជសី ហើយក្នុង១វត្តទទួលបានសាដក១ ទានព្រះវស្សា១គូ អង្ករ២០០គីឡូក្រាម ត្រីខ ១កេស មី២កេស ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស ទឹកស៊ីអ៊ីវ ៤យួរ ទឹកត្រី៤យួរ ស្ករស ៥០គីឡូក្រាម និងបច្ច័យ៥០០,០០០រៀល។
ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្តខាងលើ ប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀនស្វាយ បានឲ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋ ជួបប្រទះខ្វះខាតក្នុង ជីវភាពប្រចាំថ្ងៃដូចជាខ្វះ អង្ករអាចទាក់ទង តាមទូរស័ព្ទទៅក្រុមការងារប្រចាំភូមិ ឬក៏មេភូមិរាយការណ៍ ទៅក៏បានដែរ ហើយថា មិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អង្ករនោះទេ។
ក្នុងឱកាសនោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានណែនាំ ក្រុមការងារទាំងអស់ កុំឲ្យប្រកាន់និន្នការ នយោបាយ ត្រូវនាំគ្នាធ្វើអំពើល្អ ដើម្បីជួយ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជាពិសេសលោកមេភូមិតែម្តង ដែលលោកបានជិត ប្រជាពលរដ្ឋស្រាប់ ត្រូវយកចិត្តទុកដាក់ឲ្យមែនទែន ហើយលោកមេភូមិ ត្រូវមានទំនាក់ទំនង មកក្រុមការងាររបស់យើងផ្ទាល់ ដើម្បីជួយទំនុកបម្រុងដល់ ពួកគាត់ដែលខ្វះខាត ។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ ក៏បានផ្តល់សារុងមួយដល់ពុទ្ធបរិស័ទ្ធ និងខោខ្លីមួយ សម្រាតតាៗផង ដែលជា ពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ៕