Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចូលគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី

15-07-2016 10:53

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិករបស់ខ្លួន មួយចំនួនចូលគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីនៅកម្ពុជា។

នៅលើ Facebook របស់ លោក អេង ឆៃអ៊ាង បានបង្ហោះនូវរូបភាពលោកចូលគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី នាពេលនេះ ហើយសរសេរថា «បន្តិចទៀតរូបកាយលោកបណ្ឌិត កែម ឡី នឹងឃ្លាតឆ្ងាយពីពួកយើងជារៀងរហូត តែវីរភាព និងមនសិការ ឧត្តមគតិ លោកបណ្ឌិត ស្ថិតនៅក្នុងចិត្តគំនិតពួកយើងជានិច្ច »

សូមជំរាបថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេ នៅក្នុងស្តាម៉ាតនៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង​៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀតចំដើមដៃធ្លាយទៅដល់ក្រោមដោះ បណ្តាលឱ្យស្លាប់​នៅកន្លែងកើតហេតុតែម្តង។

ពេលនេះសពរបស់លោកបណ្ឌិត បាននិងកំពុងតម្កល់នៅវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរៀបចំពិធីបូជា៕